Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​កម្ពុជា​និង​ម៉ាឡេស៊ី រំដោះ ក្មេងស្រី​ខ្មែរ​ម្នាក់​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម និង​កាត់​ស្លឹកត្រចៀក​យ៉ាង​ព្រៃផ្សៃ​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ បាន​ជួយ​អន្តរាគមន៍​ជួយ​រំដោះ ក្មេងស្រី​ខ្មែរ​ម្នាក់​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម និង​កាត់​ស្លឹកត្រចៀក​យ៉ាង​ព្រៃផ្សៃ​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ពិនិត្យឃើញថា ថ្មីៗ​នេះ​មានការ​ចែករំលែក​ជាប​ន្ត​បន្ទាប់​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដែល​កើតឡើង​លើ​ពល​ការិនី​ជនជាតិខ្មែរ​អ៊ីស្លាម​ម្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី ។​

​ករណីនេះ​ត្រូវបាន​ដាក់ជូន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​អនុវត្ត​ជំនាញ និង​ជួយ​អន្តរាគមន៍ ។​

​នៅ​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា ស្ត្រីជន​ជាតិខ្មែរ​អ៊ីស្លាម​ម្នាក់​ដែល​ត្រូវបាន​គេ​សរសេរ​សារ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា “​ក្មេងស្រី​ខ្មែរ​ម្នាក់​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម និង​កាត់​ស្លឹកត្រចៀក​យ៉ាង​ព្រៃផ្សៃ​” នោះ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ជោគជ័យ ក្រោម​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ក្រោម​ការសម្របសម្រួល​ពី​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី និង​សហការ​ជាមួយ​សមត្ថកិច្ច​ម៉ាឡេស៊ី​ផងដែរ ទើប​ឈានដល់​ការរំដោះ​នារី​រងគ្រោះ និង​បាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

​លោក ជីវ ផល្លី បានបញ្ជាក់​បន្ថែមថា សមត្ថកិច្ច​ម៉ាឡេស៊ី​កំពុង​ស៊ើបអង្កេត​ដើម្បី​មាន​ចំណាត់​ការបន្ត​លើ​ជនដៃដល់ រីឯ​ជនរងគ្រោះ បន្ទាប់ពី​ព្យាបាល​ជាសះស្បើយ​ពីរ​បួស ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី នឹង​រៀបចំ​សម្របសម្រួល​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បាន​សង្កត់ធ្ងន់ថា ជា​ទិសដៅ​នៅពេលដែល​នារី​រងគ្រោះ​ខាងលើ បាន​ត្រឡប់​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ជំនាញ​របស់​នាយកដ្ឋាន សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ជនសង្ស័យ​ជា​មេខ្យល់​នាំ​នារី​រងគ្រោះ​ខាងលើ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ឈានដល់​ការអនុវត្ត​នីតិវិធី​នាំខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់ ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បានបញ្ជាក់​បន្ថែមថា ក្នុងនាម​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្នុងនាម​នាយកដ្ឋាន​ជំនាញ សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​របស់​អាជ្ញាធរ​ម៉ាឡេស៊ី និង​ស្ថាប័ន​ពាក់ព័ន្ធ បានរួម​ចំណែក​លើ​ការងារ​នេះ និង​សូម​អរគុណ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​តែងតែ​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ក៏ដូចជា​ការចូលរួមចំណែក​ស្វែងរក​យុត្តិធម៌​សង្គម ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×