ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ The Nation Care កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានលេខបញ្ជីកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ៖យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ The Nation Care កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងជាច្រើនប្រភេទគ្មានការចុះ លេខបញ្ជីកា ឬប្រវេទន៍ ផ្សព្វផ្សាយពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ផលិតផលឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខ បញ្ជីកា និងលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលឱសថ ផលិតផល បំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ និងបញ្ជីកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ និងបញ្ជីកាត្រឹមត្រូវគឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខបញ្ឆីកា ឬប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព និងដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀត នោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលឱសថ ផលិតផល បំប៉នសុខភាព និងគ្រឿងសម្អាង ដែលគ្មានលេខបញ្ជីការ ឬប្រវេទន៍ពីក្រសួងសុខាភិបាល ព្រោះផលិតផលទាំងនេះ ពុំអាចធានាបាន នូវគុណភាព និងសុវត្ថិភាពបានឡើយ ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ The Nation Care និងគណនីផ្សេងៗទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថជាធរមាន។
ក្នុងករណីបងប្អូនបានប្រទះឃើញជនណាកំពុងលក់ និងចែកចាយនូវផលិតផលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ