ភ្នំពេញ÷រថយន្តដឹកខ្សាច់មួយគ្រឿង មិនចាំម៉ាកបើកក្នុងល្បឿនលឿនបញ្រ្ចាសទិស ជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀត ចំពីចំហៀងខាងមុខ ពេញទំហឹងបណ្តាលឲ្យរថយន្តកាមរីបាឡែន ដាច់កង់ចេញពីរថយន្ត សំណាងម្ចាស់រថយន្តមិនមានរងរបួសនោះទេ។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៧ យប់ ថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០ស្តិតនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីស្រ្តីជាជនជាតិចិនរងគ្រោះ បានបញ្ជាក់ប្រាប់ខាងព័ត៌មាន CENថា គាត់បានបើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ខ្មៅ ដែលពាក់ផ្លាកលេខ ភ្នំពេញ 2Q 14 00 ធ្វើដំណើរចេញពីភ្នំពេញ បម្រុងទៅតាខ្មៅ តាមបណ្តោយផ្លូវ ៦០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿង ដែលមិនចាំម៉ាក និងផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិស ល្បឿនលឿនពីត្បូងមកជើង ជ្រុលមកបុកចំពីចំហៀងខាងមុខរថយន្ត របស់គាត់ពេញទំហឹង បណ្តាលឲ្យរថយន្តគាត់ ដាច់កង់ចេញពីគ្នាតែម្តង ហើយដែលសំណាងណាស់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម្ចាស់រថយន្តកាមរីបាឡែន គ្រាន់តែរងរបួសស្រាល។ ចំណែកឯរថយន្តបង្កវិញ ក៏បន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោលទៅ។
ក្រោយពេលកើតហេតុខាងលើសមត្ថមូលដ្ឋាន ចុះមកដល់រួចឃើញថា ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង សុំយករថយន្តទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ៖ សា មេត