នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ចំនួន៣៣នាក់ បានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតតាមប្រព័ន្ធ Internet នៅពីរគោលដៅនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឃាត់បានជនសង្ស័យសរុបចំនួន៣៦នាក់។ ករណីបង្ក្រាបនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន៣៣នាក់ រួមមានជនជាតិថៃ២៥នាក់ (ស្រី៨នាក់) ជនជាតិចិនតៃវ៉ាន់៤នាក់ និងជនជាតិខ្មែរ៤នាក់ (ស្រី៣ នាក់)។ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសមត្ថកិច្ចថៃ ចំនួន៨នាក់ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្ត បានចុះបង្គ្រាបករណីបទល្មើសជំរិតតាមប្រព័ន្ធ Intenet នៅចំណុចក្រុម១៤ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់៖ ១.ឈ្មោះ ហង់ យ៉ុង់សឹង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់។
២.ឈ្មោះ ចាំង សឺហាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ៣.ឈ្មោះ ប្រាក់ ស៊ុបឆៃ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ និងដកហូតវត្ថុតាងមួយចំនួន។
ទីតាំងនៅក្នុងរាជធានីភ្នំពេញ ដែលកម្លាំងអន្តរាគមន៍ របស់អាវុធហត្ថរាជធានីភ្នំពេញឡោមព័ទ្ធបង្ក្រាប៖ ទីតាំងទី១ ខាងក្រោយវត្តសំរោងអណ្តែត និងទី២ ជិតផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់សែនសុខ រាជធានីភ្នំពេញ។ ចំណែកនៅខេត្តព្រះសីហនុ អាវុធហត្ថបង្ក្រាបនៅក្នុងក្រុងព្រះសីហនុ។
សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនមេក្លោងចាប់ជំរិតចាប់ប្រព័ន្ធ Internet ២នាក់ប្តីប្រពន្ធ ដែលជាជនជាតិចិនតៃវ៉ាន់កំពុងរត់គេចខ្លួន ដែលមេក្លោងទាំង២នាក់ ប្តីប្រពន្ធនេះ មានដីកាឲ្យចាប់ខ្លួនពីតុលាការប្រទេសថៃ៕ ដោយ៖បញ្ញាស័ក្តិ