បាត់ដំបង ៖ លោកស្នងការនគរបាលខេត្តបាត់ដំបង បានថ្លែងថា បើដូចអ្វីដែលកូនស្រីបានរៀបរាប់ប្រាប់សមត្ថកិច្ចមែននោះគឺពិតជាសាហាវឃោរឃៅ និងគួរឱ្យសង្វេកខ្លាំងណាស់។ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការរួមគ្នា ជាមួយសមត្ថកិច្ចនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការការ បានធ្វើការនាំខ្លួនបុរសចំនួន២នាក់មកសាកសួរ នៅពេលបានទទួលនូវពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ (ស.ព) រស់នៅក្នុងក្រុងបាត់ដំបង ជាម្តាយកុមារីរងគ្រោះ ពីករណីឪពុកបង្កើត និងពូបង្កើតរួមគ្នា រំលោកសេពសន្ថវៈកូនស្រីរបស់ខ្លួនដែលទើបមានអាយុត្រឹមតែ៣ឆ្នាំតែប៉ុណ្ណោះ។
បុរសជាប្តីនិងជាឪពុកមានឈ្មោះ (ហ.ហ) រស់នៅ ក្រុងបាត់ដំបង ព្រមទាំងឈ្មោះ (ហ.ដ) នៅមូលដ្ឋានជាមួយគ្នា ត្រូវជាប្អូនបង្កើតរបស់បុរសខាងលើ និងជាពូបង្កើតរបស់កុមារីរងគ្រោះ។
ក្នុងពេលសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដោយមានការចូលរួមពីម្តាយ និងមានអង្គការសង្គមស៊ីវិល ចូលរួមស្តាប់ផងនោះ កុមារីរងគ្រោះឈ្មោះ (ច.ណ) បានឆ្លើយបញ្ជាក់ថារូបគេពិតជាត្រូវបានឪពុកបង្កើតរួមគ្នាជាមួយពូបង្កើតខាងលើនេះ ចាប់រំលោភសេពសន្ថវៈចំនួន២ដង ក្នុងអំឡុងពេលថ្មីៗនេះ។
បុរសទាំងពីរនាក់ មិនបានឆ្លើយសារភាពអំពីសកម្មភាពរបស់ខ្លួននៅឡើយទេ នៅចំពោះមុខសមត្ថកិច្ចនគរបាល តែយ៉ាងណាក៏ដោយក្នុងពេលឃាត់ខ្លួនបុរសទាំងពីរនេះ សមត្ថកិច្ចរកឃើញគ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅជាមួយបុរសទាំងពីរនេះផងដែរ។
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរមកកាន់ការិយាល័យជំនាញ ដើម្បីស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់។
ប្រសិនបើការស្រាវជ្រាវឃើញថា បុរសទាំងពីរបានធ្វើសកម្មភាព ដូចការបញ្ជាក់អះអាង របស់កុមារីរងគ្រោះមែននោះគឺពិតជាសាហាវឃោរឃៅ និងជារឿងខ្លោចផ្សារបំផុត សម្រាប់កុមារីនេះណាស់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ