Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ក្រុងភ្នំពេញ​បង្ក្រាប​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ចាប់​ឃាត់ខ្លួន​មនុស្ស ៣.៦៣៨​នាក់​នៅក្នុង​ឆ្នាំ​២០២០

​ភ្នំពេញៈ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​១​ឆ្នាំ គឺ​ឆ្នាំ​២០២០ បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ជិត​២០០​គីឡូក្រាម និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិខ្មែ​និង​បរទេស​សរុប ៣.៦៣៨​នាក់ បញ្ជូន​យកទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ការបង្ក្រាប​គ្រឿងញៀន​ពី​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​នេះ​ផងដែរ ត្រូវគេ​មើលឃើញថា​ដែលនាំឱ្យ​បទល្មើស​គ្រឿងញៀន​នៅ​ឆ្នាំ​២០២០​នេះ​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​។ ក្នុងនោះ​នៅ​ឆ្នាំ​២០២០​ក៏បាន​បង្ក្រាប​ក្លឹប​កម្សាន្ត​ធំៗ​ចំនួន​០៣​កន្លែង ជាប់​ពាក់ព័ន្ធ​និង​ការជួញដូរ និង​ផ្តល់​ទីតាំង​ឱ្យប្រើ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់​។​
​ការចេញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ពី​សំណាក់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ សម្រេចបាន​លទ្ធផល​ពេលនេះ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​ដាក់បទបញ្ជា​មុតមាំ ឱ្យកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​គ្រប់ផ្នែក​និង​ជំនាញ ត្រូវ​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​នឹង​ធ្លាប់​ប្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​លើកលែង ចំពោះ​មន្ត្រីនគរបាល​ដែល​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​។​

​វិធានការ​បង្ក្រាប​ត្រូវធ្វើ​រាល់​សកម្មភាព​បទល្មើស​គ្រឿងញៀន ទាំង​ទ្រង់​ទាយ​តូច​និង​ទ្រង់ទ្រាយ​ធំ​ហើយ​ការបង្ក្រាប​នោះ​មិនត្រូវ​ដកថយ​នោះឡើយ​។ ពោលគឺ​ត្រូវធ្វើ​សកម្មភាព​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ជាប្រចាំ ដើម្បី​ពង្រឹង​ការពារ​ថែរក្សា​សន្តិសុខ ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ បទល្មើស​គ្រឿងញៀន​ត្រូវគេ​ចាត់ទុកថា​បាន​បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​នៅក្នុង​សង្គម​ជាខ្លាំង​។​

បើ​យោងតាម​របាយការណ៍ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យដឹងថា នៅ​ឆ្នាំ​២០២០ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​ប្រតិបត្តិការ អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៥​ដោយ​ចេញ​បង្ក្រាបបាន​២.០៧៥​ករណី ប្រៀ​ធៀប និង​ឆ្នាំ​២០១៩​ចេញ​បង្ក្រាបបាន​២.២៧៧​ករណី (​នាំឱ្យ​បទល្មើស​គ្រឿងញៀន​បាន​ថយចុះ​២០២​ករណី​)​ឃាត់ខ្លួន​ជនសង្ស័យ​៣.៦៣៨​នាក់​ក្នុងនោះ​ចាប់យក​នឹង​ដក​វត្ថុ​គ្រឿងញៀន​សរុប​១៩៧,៣៥៨.៦៥​ក្រាម​(១៩៧​គីឡូក្រាម​និង​៣៥៨​ក្រាម​៦៥) អាវុធខ្លី​០៣​ដើម​, ដាវ​ដែក​កែច្នៃ​១៤​ដើម​,​រថយន្ត​០៤​គ្រឿង​,​ម៉ូតូ​៥.៥៧០​គ្រឿង​, ទូរស័ព្ទដៃ​៤៧៥​គ្រឿង​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​ផងដែរ​។​
ជុំវិញ​វិធាន​ការបន្ត​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត លោក​វរសេនីយ៍ទោ រ៉ឹ​ម ម៉ិច នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ឱ្យដឹងថា អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី​ភ្នំពេញ និង​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បន្ត​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ផែន​ការងារ​ព្រហ្មទណ្ឌ​និង​កម្លាំង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​,​បន្ត​ចេញ​ផ្សព្វផ្សាយ​អប់រំ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​យល់​ពី​ផលប៉ះពាល់ នៃ​គ្រឿងញៀន​ដោយ​ត្រូវ​នាំគ្នា​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​,​និង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី ឈានដល់​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×