ភ្នំពេញ៖ បុរសម្នាក់បានសម្លាប់បាត់បង់ជីវិត ខណៈផឹកស្រារួចយកមងទៅរាយ ហើយភ្លាត់ស្នៀតក៏បានលង់ទឹកចំពោះមុខប្រពន្ធ តែដោយប្រពន្ធនឹកស្មានតែប្តីធ្វើលេង ទុកអោយលិចបាត់ទៅវិញ បណ្តាលអោយប្តីស្លាប់តែម្តង។
ករណីលង់ទឹកប្រឡាយស្លាប់នេះបានកើតឡើង នៅថ្ងៃទី១៨ ខែកុម្ភៈ ២០១៨ ម៉ោង១៦ និង៤០នាទី នៅចំណុចបុរីលឹមឈាងហាក់ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ សូ សាវឿន ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករធ្វើផ្លូវ ស្នាក់នៅការដ្ឋានសាងសង់ ផ្លូវបុរីលឹមឈាងហាក់ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
មន្ត្រីប៉ូលិសមូលដ្ឋានបានអោយដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រាបន្តិចបន្តួច រួចក៏យក មងទៅរាយនៅក្នុងប្រឡាយទឹក (ចំណុចកើតហេតុខាងលើ) រួចជនរងគ្រោះក៏លង់ទឹកប្រកាច់ ពេលនោះប្រពន្ធជនរង គ្រោះដើរទៅឃើញ ស្មានតែប្តីធ្វើលេង ក៏មិនជួយ រួចជនរងគ្រោះក៏លិចចុះទៅក្រោមបាត់ បន្តិចក្រោយមកប្រពន្ធជនរង គ្រោះក៏ស្រែកឲ្យគេជួយ រួចក៏នាំគ្នាចុះស្រង់យកជនរងគ្រោះមកលើគោក ធ្វើចលនាបេះដូង តែជនរងគ្រោះបានស្លាប់ទៅហើយ។ តាមការពិនិត្យរបស់ផ្នែកពិនិត្យកន្លែងកើតហេតុខណ្ឌច្បារអំពៅ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រឡាយ។
បច្ចុប្បន្ន សពដម្កល់ទុកនៅវត្តវាលស្បូវ រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖បញ្ញាស័ក្តិ