ភ្នំពេញ ៖ ការចោទប្រកាន់ដើម្បីបន្តនីតិវិធីទៅចៅក្រមស៊ើបសួរ នឹងឃុំខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តាមដីកាឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ មាត្រា៤៩៤ និងមាត្រា៤៩៦ និងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
បើសិនតុលាការរកឃើញទោស ដោយយោងតាមមាត្រា៤៩៤ និងមាត្រា៤៩៦ បទ.ញុះញង់ឲ្យមានអំពើរើសអើងមែន ជនជាប់ចោទឈ្មោះនី ណាក់ ភេទប្រុស អាចប្រឈម នឹងជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៣លានរៀល។
នគរបាលផ្នែកប្រឆាំងបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចាប់ខ្លួនបុគ្គលឈ្មោះនី ណាក់ ជាមន្ត្រីក្រសួងកសិកម្ម បញ្ជូនឡើងតុលាការពាក់ព័ន្ធនិងករណី ប្រើវោហាស័ព្ទដៀមដាម ថ្នាក់ដឹកនាំ «ទិញម៉ាស់ពាក់ឲ្យមាន់ » ។
ការឃុំខ្លួនជនជាប់ចោទ ក្នុងសំណុំរឿងនេះ បន្ទាប់ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ឲ្យលោកព្រះរាជអាជ្ញារង ប្លង់ សុផល ធ្វើការសាកសួរ ហើយដំណើរការនីតិវិធី កំពុងបន្តទៅចៅក្រមសាកសួរ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ លោកបានឲ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ ?
សមត្ថកិច្ចបានលើកឡើងថាហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀម ឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឲ្យសោះបើគ្មានការចាំបាច់»៕រក្សាសិទ្ធិដោយ៖CEN