ភ្នំពេញ÷រថយន្តកូរ៉េដឹកអីវ៉ាន់មួយគ្រឿង បើកបក្នុងល្បឿន ស្រាប់តែបែកកង់ខាងមុខ រេចង្កូតឡើងលើខឿនផ្លូវ ទៅបុករះនឹងរបងដែកបាក់អស់ចំនួនពីរ កង់។ ចំណែកឯម្ចាស់រថយន្តវិញ មិនមានរងរបួសនោះទេ រួចរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៥ និង ០០នាទីព្រឹកថ្ងៃអាទិត្យទី ១៣ ខែធ្នូឆ្នាំ ២០២០ ស្តិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកអីវ៉ាន់មួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 3E 6539 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបែកកង់ខាងមុខ រួចទប់ចង្កូតមិនជាប់រេចង្កូត ជ្រុលទៅបុករះនឹងរបងដែកពេញទំហឹង បណ្តាលឲ្យបាក់អស់ពីរកង់ ចំណែកឯរថយន្តវិញ ក្រឡាប់ផ្ងារជើងមួយចំហៀង រីឯតៃកុងរថយន្ត មិនមានរងរបួសនោះទេ ហើយក៏បានរត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ រួចប្រគល់តួនាទីនេះ ទៅឲ្យខាងជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តស្ទូច មកស្ទូចរថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ក្រុង រង់ចាំដំណោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត