បាត់ដំបង៖ ដោយបានសេចក្តីអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង ទីតាំងប្រកបមុខរបរអ៊ីនធឺណែត សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ដោយបានធ្វេីការនាំខ្លួនមនុស្សស្រី ប្រុសចំនួន ១១ នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ និងបានដកហូតជាបណ្តោះអាសន្ននូវសម្ភារៈឧបករណ៍នៅក្នុងទីតាំងនោះមួយចំនួនធំ។
នៅរសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៥និង៥៣នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានសេចក្តីអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលក្នុងផែន ដែលមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប និងកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការបានចុះបង្ក្រាប ទីតាំងអិនធឺណែតInthernet ដែលសង្ស័យថាមានបង្កប់ល្បែងស៊ីសងខុសច្បាប់( ភ្នាល់បាល់តាមប្រព័ន្ធអិនធឺណែត ) ចំនួន ០២ ទីតាំងនៅក្នុងក្រុមទី ០៨ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វេីការនាំខ្លួនមនុស្សស្រី ប្រុសចំនួន ១១ នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ និងបានដកហូតជាបណ្តោះអាសន្ននូវសម្ភារៈឧបករណ៍នៅក្នុងទីតាំងនោះមួយចំនួនធំផង។
សូមជម្រាបបញ្ជាក់ជូនថា ទីតាំងដែលបានបេីកប្រកបមុខរបរអិនធឺណែត(Internet) ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែមានលួចលាក់បង្កប់ នូវសកម្មភាពល្បែងស៊ីសងដោយខុសច្បាប់នោះ សមត្ថកិច្ចនឹងចាត់វិធានការបង្ក្រាប និងបញ្ជូនទៅតុលាការផ្តន្ទាទោស តាមផ្លូវច្បាប់ ដូច្នេះម្ចាស់ទីតាំងដែលកំពុងប្រកបមុខរបរនេះ សូមកុំប្រព្រឹត្តសកម្មភាពល្មេីសច្បាប់ឱ្យសោះ។ ចំពោះលទ្ធផលនៅក្រោយពេលធ្វេីការសាកសួរស្រាវជ្រាវរួច និងការសម្រេចបែបណា ចំពោះករណីនេះ លោក ឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូននៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ