ភ្នំពេញ៖ ព្រះរាជអាជ្ញារង បានសម្រេចមិនឲ្យឃាត់ខ្លួនយុវតីទាំង៣នាក់ដែលបានធ្វើសកម្មភាពយកខ្សែជ័រចងដៃ ចងជើង និងយកស្កុតបិទមាត់ក្មេងស្រីតូចម្នាក់ដែលជាការលេងបិទពួននេះឡើយ ប៉ុន្តែបានប្រាប់ឲ្យបញ្ជូនតែសុំណុំរឿងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញបានហើយ ក្រោយ មកនគរបាលប៉ុស្តិ៍ ក៏បានដោះលែងពួកនាងៗទាំង៣នាក់នោះទៅ វិញ បន្ទាប់ពីមានការធានាពីអាណាព្យាបាលរួចហេីយ ។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក វរសេនីយ៍ ទោ ម៉ន វុធី អធិការនៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែនជ័យ បានបកស្រាយចំពោះ ករណីយុវតីចំនួន ៣នាក់ ដែលបានធ្វើសកម្មភាពយកខ្សែជ័រចងដៃ ចងជើង និងយកស្កុតបិទមាត់ក្មេងស្រីតូចម្នាក់ដែលជាការលេងបិទពួន ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា។
ក្រោយការសួរនាំ និងការស្រាវជ្រាវ លោក ម៉ន វុធី បានបញ្ជាក់យ៉ាងដូច្នេះថា ពួកគេលេងរត់ពួនអីចឹងណា សុទ្ធតែអ្នកជិតខាងក្បែរផ្ទះគ្នា គឺអត់មានលេងបង្ខិតបង្ខំវៃដំច្រំធាក់អីទេ មិនដូចសារព័ត៌មានមួយចំនួន ចុះថា ចងដៃចងជើងគំរាមកំហែង នោះ អត់មានទេ។ ហើយមិន មាន ការ ឃុំខ្លួនក្មេងស្រីទាំងអស់នេះ គឺបានអនុញ្ញាតពីលោកព្រះរាជអាជ្ញារង សេង គឹមឡាក់ ផងដែរ។ ប៉ុន្តែបច្ចុប្បន្នសំណុំរឿងត្រូវបានចាត់ការទៅតាមច្បាប់ គឺបញ្ជូនសុំណុំរឿងទៅនីតិវិធីនៃច្បាប់ ទុកឲ្យតុលាការគាត់ជាអ្នកដោះស្រាយ»។
គួររំលឹកថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិត នៅតាមផ្លូវបេតុងលេខ១២៩KM ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវតីដែលបានចងដៃជើងកុមារីនោះរួមមាន៖ ទី១៖ ឈ្មោះ ម៉ាក់ គឹមហុង អាយុ១៨ឆ្នាំ ។ ទី២៖ ឈ្មោះ ដួង ទីណូ អាយុ១៤ឆ្នាំ។ ទី៣៖ ឈ្មោះ ទេស ម៉ាណា អាយុ១៤ឆ្នាំ។ ពួកនាងទាំង៣នាក់នេះ មានមុខរបរជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ចន រីឆេល អាយុ៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ គឺមានផ្ទះស្ថិតនៅទល់មុខគ្នាតែម្ដង។
តាម ការ សាក សួរ របស់ មន្ត្រីនគរបាលបានប្រាប់ថា នៅមុនពេលកើតហេតុ ម្ដាយក្មេងស្រីខាងលើនៅ ផ្ទះ រីឯ ក្មេង ស្រី បានដើរលេងតាមផ្លូវបេតុងម្នាក់ឯង ហើយក៏បានជួបក្រុមយុវតីទាំង៣នាក់ខាងលើ ខណៈនោះពួកនាងៗទាំងនេះ បាននាំគ្នាចាប់រួចយកខ្សែជ័រចងដៃចងជើងព្រមទាំងយកស្កុតបិទមាត់ រួចចាប់សង្កត់ក្បាលក្មេងស្រីរងគ្រោះឲ្យហិតសំរាម ហើយគំរាមថា «កុំស្រែកប្រយ័ត្នអញចាប់យកទៅលក់» ថែមទៀតផង។
ដោយសារតែមានការភ័យខ្លាច ម្យ៉ាងមាត់ត្រូវបិទស្កុថែមទៀតនោះ ទើបក្មេងស្រីតូចនេះមិនហ៊ានស្រែកឡើយ។ លុះក្រោយពីធ្វើបាបក្មេងស្រីនេះអស់ចិត្តយុវតីទាំង៣នាក់នេះ បាននាំគ្នាដើរចេញបាត់ ហើយក្មេងស្រីរងគ្រោះបានលោតផ្លោតៗ ដូចសត្វកង្កែបទាំងជើងដៃជាប់ចំណង និងមាត់បិតស្កុតទៅផ្ទះជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ បន្ទាប់ពីឃើញកូនស្រីទទួលរងទារុណកម្មបែបនេះ ម្ដាយមានការខ្លោចផ្សាក្នុងចិត្តខ្លាំងណាស់ និងបានសួរនាំកូនស្រី ហើយនាងបាននិយាយ ប្រាប់ហេតុការណ៍ដែលបានកើតឡើងទាំងអស់ ទើបស្ត្រីជាម្ដាយនាំកូនស្រីទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ត្រពាំងក្រសាំង ឲ្យនគរបាលជួយអន្តរាគមន៍ឃាត់ខ្លួនយុវតីសង្ស័យទាំង៣នាក់នោះភ្លាមៗតែម្ដង។
ដោយឡែកការធ្វើទារុណកម្ម បែប នេះ ពុំដឹងថា ពួកនាងៗទាំង៣នាក់នោះមានគំនុំអ្វីជាមួយក្មេងស្រីរងគ្រោះឡើយ។ ប៉ុន្តែក្រោយការចាប់ខ្លួននាំទៅដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលត្រពាំងក្រសាំង កម្លាំងនគរបាលសួរនាំត្រូវបានពួកនាងៗ ខាងលើនេះសារភាពថាពួកនាងពិតជាបានប្រព្រឹត្តបែបនេះមែន តែ ធ្វើលេងទេគ្មានចេតនាផ្សេងអ្វីឡើយ។
ក្រោយពេលចាប់ខ្លួនសាកសួរ និងកសាងសំណុំរឿងមួយជំហាននៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំងរួចមក លោកវរសេនីយ៍ទោ ជា សុវណ្ណ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ជូនលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមអេយ្យការសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ មក នៅ ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោកព្រះរាជអាជ្ញារង បានសម្រេចមិនឲ្យឃាត់ខ្លួនយុវតីទាំង៣នាក់នេះឡើយ ប៉ុន្តែបានប្រាប់ឲ្យបញ្ជូនតែសុំណុំរឿងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញបានហើយ ក្រោយ មកនគរបាលប៉ុស្តិ៍ ក៏ បាន ដោះលែងពួកនាងៗទាំង៣នាក់នោះទៅ វិញ បន្ទាប់ពីមានការធានាពីអាណាព្យាបាលរួចហេីយ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ