ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានគេដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ខណៈពេលជិះម៉ូតូលឿនពេក បត់មិនទាន់ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ ហេតុការណ៍នេះ ក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០ នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងជាប់របងក្រោយពេទ្យរុស្ស៊ី នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ បានជិះម៉ូតូម៉ាក Q-BIX ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ1lG-9652 ធ្វើដំណើរតាមផ្លូវបេតុងក្រោយពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុជនរងគ្រោះ បានវ៉ារថយន្តមួយគ្រឿង ពេលនោះមកដល់ផ្លូវកោង ស្រាប់តែជនរងគ្រោះក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានដឹកយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានចុះទៅដល់កន្លែងកើតហេតុ យកម៉ូតូយកទៅរក្សាទុក នៅឯនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីរង់ចាំសាច់ញាតិមកយកម៉ូតូទៅវិញ៕ រក្សាសិទ្ធិដោយ៖ មីដា ផាន់ណា