ភ្នំពេញៈ ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅបុរសម្នាក់បណ្តាលឲ្យស្លាប់ ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។ បុរសដែលរងការបាញ់ប្រហារ គឺបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ខ្មាន់កាំភ្លើងបាញ់ចំនួន ៤គ្រាប់ គឺត្រូវជនរងគ្រោះចំនួន ៣គ្រាប់។
ជនរងគ្រោះឈ្មោះ ចំណាន អាយុជាង ៤០ឆ្នាំ ជាអ្នកគួកជេរដី ចងការលុយ និងគួកជេររថយន្ត មានលំនៅ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកចេញមន្ទីរពេទ្យកាល់ម៉ែត យកទៅតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅវត្តទួលសុភាឃួន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅកន្លែងកើតហេតុឃើញមានម៉ូតូម៉ាក PCX ចំនួនពីរគ្រឿង ក្នុងនោះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1 ID-៧៤៧៧ ពណ៌ស។ ហើយគ្រឿងអលង្ការមានតម្លៃនៅលើខ្លួនជនរងគ្រោះ និងម៉ូតូ គឺមិនមានការបាត់បង់នោះទេ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះអាចជាករណីគំនុំច្រើនជាង ករណីបាញ់ប្លន់ ពីព្រោះទ្រព្យសម្បត្តិរបស់ជនរងគ្រោះ គឺមិនមានការបាត់បង់នោះ។ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីស្វែងរកឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖CEN