ភ្នំពេញៈ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលខណ្ឌដង្កោ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាជ្រាវបង្ក្រាបចាប់ខ្លួនជនសង្ស័យ០៣នាក់ ក្នុងចំណោមបក្ខពួក០៨នាក់ក្រោយពីពួកគេធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះ០១គ្រឿងបានសម្រេច។
កម្លាំងនគរបាលបង្ក្រាបចាប់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងអំពើប្លន់ម៉ូតូបានធ្វើឡើងជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ ព្រៃស ខណ្ឌដង្កោ មានជនសង្ស័យមួយក្រុមជិះម៉ូតូ០៤គ្រឿង មានគ្នា០៨នាក់ បានធ្វើសកម្មភាពជិះម៉ូតូគៀរផ្តួលម៉ូតូ០១គ្រឿងជិះដោយជនរងគ្រោះម្នាក់ឯង ហើយពួកវាក៏បានយកកាំបិតបុ័ងតោ ដេញកាប់គំរាមសម្លាប់ជនរងគ្រោះ រត់ចោលម៉ូតូហើយពួកវាក៏ប្លន់យកម៉ូតូជនរងគ្រោះគេចខ្លួនបាត់។
ម៉ូតូជនរងគ្រោះម៉ាកហុងដាប៊ីត ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 1V-2523 ជនរងគ្រោះឈ្មោះ តឿង ប៊ុនថន ភេទប្រុស អាយុ៣៩ឆ្នាំ ប្រកបមុខរបរមេកាជាងសំណង់ រស់នៅផ្ទះជួលភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។ ក្រោយពីធ្វើសកម្មភាពនៃអំពើប្លន់ម៉ូតូនោះហើយកម្លាំងនគរបាលការិយាល័យជំនាញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវស៊ើបអង្កេតទើបឈានទៅដល់កំណត់បាននូវមុខសញ្ញាជនសង្ស័យទាំងនោះ។នៅថ្ងៃខាងលើក៏បានបង្ក្រាបចាប់ខ្លួនជនសង្ស័យ០១នាក់នៅខណ្ឌមានជ័យមានឈ្មោះ បូរ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ។
ក្រោយពីសាកសួរជនសង្ស័យ នៅថ្ងៃដដែលកម្លាំងនគរបាលក្រោមការសម្របសម្រួលនីតិវិធីពីលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញក៏បានបន្តទៅចាប់ខ្លួនបានបក្ខពួក០២នាក់ទៀតនៅខណ្ឌដង្កោមានឈ្មោះ អាន សំអន ភេទប្រុស អាយុ១៨ឆ្នាំ ប្រកបមុខរបរជាងភ្លើង និងជនសង្ស័យឈ្មោះ ឌឿន សៅរាសី ភេទប្រុស អាយុ២១ឆ្នាំ ប្រកបមុខរបរលក់ដូរ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ) ចំណែកបក្ខជនសង្ស័យដែលនៅសេសសល់០៥នាក់ទៀតកម្លាំងនគរបាលការិយាល័យជំនាញកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖CEN


