Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋានកំណាយស្រាវជ្រាវ នៅបរិវេណក្រុងអង្គរធំ ដើម្បីកំណត់ពីប្រភពនៃការផ្គត់ផ្គង់ ធាតុទង់ដែងទាំងនៅក្នុងស្រុកខ្មែរនាសម័យបុរាណ

សៀមរាប៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងសហការី បានចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវដែលមានទីតាំងនៅព្រះរាជ រោងសិតលោហៈនាជ្រុងពាយ័ព្យនៃក្រុងអង្គរធំនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។

គម្រោងនេះមានឈ្មោះថាLANGAU – សិតថ្វាយព្រះមហាក្សត្រ៖ ការសិក្សាអំពីលោហកម្មបុរាណនៃរោងជាងសំរឹទ្ធក្នុងព្រះបរមរាជវាំងក្រុងអង្គរធំ កាលពីអំឡុងសតវត្សរ៍ទី១១ ដល់១២នៃគ.ស.។

គោលបំណងសំខាន់របស់គម្រោងនេះ គឺដើម្បីកំណត់ពីប្រភពនៃការផ្គត់ផ្គង់ ធាតុទង់ដែងទាំងនៅក្នុងស្រុកខ្មែរនាសម័យបុរាណ និងនាំចេញទៅកាន់ប្រទេសជិតខាងផង។

កំណាយស្រាវជ្រាវនេះក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងសាលាបារាំងចុងបូព៌ា(EFEO) ថែមទាំងមានការចូលរួមពីក្រុមស្រាវជ្រាវ អ្នកជំនាញផ្នែកបុរាណវិទ្យាអ្នកជំនាញផ្នែកលោហៈកម្មបុរាណអ្នកជំនាញផ្នែកភូគព្ភបុរាណ អ្នកជំនាញផ្នែកកុលាលភាជន៍ អ្នកជំនាញផ្នែករូបវិទ្យា និងអ្នកជំនាញផ្នែកជួសជុលលោហៈ អន្តរជាតិ ផង ។

សកម្មភាពកំណាយនៅលើទីតាំង ដែលធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ បានប្រទះឃើញសំណល់ជាច្រើន រួមមានឡចំហេះធ្យូងថ្មចំនួន២០កន្លែង ឡសិតលោហៈ និងរោងជាងដំលោហៈ ជញ្ញាំងឡ បណ្តុំឈ្នុល ឈ្នុល ជើងកាល់ ជើងទម្រ និងចង្ក្រានសិតលោហៈជាដើម។ តាមការពិនិត្យរុករកផ្នែកភូគព្ភគីមី នៅផ្ទៃដីប្រមាណ ៧៥០០ម៉ែត្រក្រឡា ឱ្យដឹងថាការបំពុលដីដោយលោហៈធ្ងន់ ក៏អាចជួយឱ្យក្រុមអ្នកជំនាញដឹងពីវិសាលភាពនៃទីតាំងរបស់ព្រះរាជរោងសិតលោហៈ និងផលប៉ះពាល់បរិវេណក្បែរនោះដែរ។

ទិន្នន័យនៃការវិភាគថ្មីៗ និងលទ្ធផលនៃការសិក្សា បច្ចេកទេសវិទ្យាផ្សេងទៀត ជាពិសេសបដិមាអំពីលោហៈ បង្ហាញពីភាពចម្រុះនៃលក្ខណៈបច្ចេកទេសរបស់ជាងស្មិតនៅក្នុងព្រះបរមរាជវាំងសម័យបុរាណ អាចឱ្យអ្នកស្រាវជ្រាវសម័យថ្មី យល់ដឹងអំពីរបៀបរស់នៅនិងការរៀបចំនៃរោងសិប្បកម្មលោហៈទាំងមូល នៅក្នុងរដ្ឋការខ្មែរនាសម័យអង្គរបាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×