ភ្នំពេញ៖ ក្មេងស្រីម្នាក់ អាយុ ១៤ ឆ្នាំ ចាញ់បោកមេខ្យល់មិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេល៤ខែកន្លងមកហើយ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មាន ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកឈ្មោះ អូនវីនស្រឡាញ់ ម៉ាក់ប៉ា ដែលត្រូវបានជនសង្ស័យជាមេខ្យល់ឆបោកនាំទៅប្រទេសចិន ហើយត្រូវបានជួយសង្គ្រោះ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវ និងបានរកឃើញសាច់ញាតិ ម្ចាស់គណនីហ្វេសប៊ុកខាងលើមានឈ្មោះ ឯល ណារី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន កំពុងបម្រើការងារនៅកាស៊ីណូមួយកន្លែង នៅទីក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុកម្ចាស់គណនីហ្វេសប៊ុកខាងលើនោះ ។ តាមរយៈការទំនាក់ទំនងតាមទូរសព្ទ បុរសជាឪពុកបានបញ្ជាក់ថា កូនស្រីរបស់គាត់មានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ បានចាញ់បោកមេខ្យល់មិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេល៤ខែកន្លងមកហើយ រូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ ស្នើសុំឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ដោះស្រាយ។
ឯកឧត្តម ឧត្តមសេនីយ៍ ជីវ ផល្លី បញ្ជាក់ថា នៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ និងបានជួយសង្គ្រោះបញ្ជូនមកស្នាក់ការនគរបាលនៅខេត្តហឺណាន ប្រទេសចិន ដើម្បីចាត់ការបន្ត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ឲ្យដឹងថា មន្ត្រីជំនាញរបស់នាយកដ្ឋាន បាននិងកំពុងធ្វើការទំនាក់ទំនង សម្របសម្រួលផ្តល់ព័ត៌មានខាងលើ ទៅឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ដើម្បីធ្វើការបន្តជាមួយស្ថានអគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីឈានដល់ការសម្របសម្រួល ជាមួយអាជ្ញាធរចិន រៀបចំបែបបទបញ្ជូនក្មេងស្រីរងគ្រោះខាងលើ ឲ្យវិលត្រឡប់មកកម្ពុជាវិញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ថា ជាទិសដៅបន្ត នាយកដ្ឋាន នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ រង់ចាំទទួលជនរងគ្រោះ ហើយក្រោយពេលដែលជនរងគ្រោះ បានអនុវត្តវិធានការចត្តាឡីស័ក របស់ក្រសួងសុខាភិបាលរួច មន្ត្រីជំនាញនឹងធ្វើការសម្ភាសន៍ ស្វែងរកព័ត៌មានលម្អិត ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យជាមេខ្យល់ និងឈានដល់ការនាំខ្លួន មកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ របស់អាជ្ញាធរចិន និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកលើការងារនេះ និងសូមអរគុណ ចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គម ដែលតែងតែចូលរួមចំណែក ក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជា ការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម៕រក្សាសិទ្ធិដោយ : បញ្ញាស័ក្តិ