Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាមិនខុសមែន! ឥឡូវខ្នោះមួយបាត់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន ក្នុងករណីវាយទាត់ធាក់លើយុវជនម្នាក់ គ្រាន់តែឮថាចោរមិនចេះសួរនាំហេតុផល (វីដេអូ)

ភ្នំពេញ៖បុរសម្នាក់ក្នុងឯកសណ្ឋានឈុតខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនវាយខ្នោះ ក្រោយពីបានប្រព្រឹត្តអំពើហិង្សាយ៉ាងសាហាវ ទៅលើយុវជនម្នាក់ ដែលចោទថាជាចោរចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋ ដោយគ្មានភស្តុតាងជាក់ស្តែង។

ជនរងគ្រោះឈ្មោះ មិញ ស៊ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរនៅផ្ទះ។ ចំណែកជនដៃដល់មានឈ្មោះ ជា សុផាត ហៅ វីត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមេការផ្ទះជួល។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដើមហេតុដំបូង គឺយុវជនរងគ្រោះឈ្មោះ មុិញ ស៊ូ អាយុ ២១ ឆ្នាំ បានដើរចូលផ្ទះប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត ប៉ុន្តែ ពុំបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្វីទេ។ តែយ៉ាងណា ដោយសារប្រជាពលរដ្ឋជិតខាងបានស្រែកផ្អើលឆោឡោចោទថាយុវជនរូបនេះជាចោរ ក៏ស្រាប់តែលេចមុខជនដៃដល់ឈ្មោះ ជា សុផាត ហៅវីត (ត្រូវឃាត់ខ្លួន និងគ្មានផ្ទុកសារធាតុញៀន) បានស្ទុះមកព្រួតវាយទាត់ធាក់ទៅលើយុវជនរូបនោះយ៉ាងសាហាវតែម្តង។ ហើយបន្ទាប់មក គេក៏បានឃើញបុរសម្នាក់ទៀត បានលេចមុខមកចូលរួមប្រើអំពើហិង្សានេះផងដែរ។

បច្ចុប្បន្ន ជនដៃដល់ឈ្មោះ ជា សុផាត ហៅ វីត កំពុងត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ខណៈជនដៃដល់ស៊ីជោរម្នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) កំពុងរត់គេចខ្លួន។

ជាមួយគ្នានេះផងដែរ មហាជនភាគច្រើនក៏ពុំបានគាំទ្រចំពោះការប្រើអំពើហិង្សាបែបនេះឡើយ ដោយក្នុងនោះគេក៏បានលើកឡើងទុកជាមេរៀនថា៖ «សមហេីយអ្នកក្លាហានឈុតខ្មៅ ឲ្យតែឮថាចោរលួចមិនបានហ្មងហេ ដឹងតែវាយទាត់ធាក់មិនដឹងថាលួចស្អីធ្វើសកម្មភាពយ៉ាងម៉េចផងដឹងតែវាគេ។ យើងមិនមែនសមត្ថកិច្ចក្នុងការចាប់ឃាត់ចោរទេកុំរពិសដៃជើងពេក។ យើងមានសិទ្ធិឃាត់ទុកឲ្យសមត្ថកិច្ចយកទៅដាក់ទោសបាន តែមិនត្រូវវាយគេទេ»។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងថា នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទទួលជ្រាប ពាក់ព័ន្ធនឹងករណីជនសង្ស័យប្រព្រឹត្តបទល្មើសចោរកម្មត្រូវបានសន្តិសុខឯកជនឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ពិនិត្យរូបភាពសកម្មភាពវីដេអូឃ្លីបដែលបានបង្ហោះក្នុងបណ្តាញសង្គម និងត្រូវបានគេចែករំលែក ជាបន្តបន្ទាប់នោះ ឃើញថាជនសង្ស័យប្រព្រឹត្តអំពីចោរកម្មត្រូវបានបុរសពីរនាក់វាយដំ ។

ផ្អែកតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រកឃើញថា ប្រតិបត្តិការឃាត់ជនសង្ស័យប្រព្រឹត្តបទល្មើសចោរកម្មខាងលើ អនុវត្តដោយបុគ្គលិកក្រុមហ៊ុនសន្តិសុខ អឹម ភី ស៊ី អេស ស៊ីឃ្យូរីធី ឯ. ក រួមសហការជាមួយប្រជាពលរដ្ឋនៅចំណុចកើតហេតុ ខណៈពេលដែលជនសង្ស័យកំពុងលួចគាស់បន្ទប់ជួលមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវ វេងស្រេង មុខមន្ទីរពេទ្យឯករាជ្យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សកម្មភាពប្រើអំពើហឹង្សាលើជនសង្ស័យដែលធ្វើឡើងដោយបុរស០២ នាក់ខាងលើនោះ មិនមែនភ្នាក់ងារ ឬបុគ្គលិកក្រុមហ៊ុនសន្តិសុខ អឹម ភី ស៊ី អេស ស៊ីឃ្យូរីធី ឯ.ក នោះទេ ពួកគាត់ជាប្រជាពលរដ្ឋរស់នៅចំណុចកើតហេតុខាងលើ ដែលស្អប់ជនប្រព្រឹត្តអំពើចោរកម្ម ទើបទប់ចិត្តមិនបានឈានដល់ការប្រើអំពើហឹង្សាតែម្តង ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានភ្នាក់ងារសន្តិសុខឯកជនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីចាត់ការបន្ត ។

នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន មិនគាំទ្រសន្តិសុខឯកជន ប្រើអំពើហឹង្សាលើជនសង្ស័យនោះទេ នឹងសូមអគុណដល់សាធារណជន ដែលបានចូលរួមសហការគ្រប់ទិដ្ឋភាពច្បាប់ក្នុងករណីភ្នាក់ងារ ឬបុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជនប្រព្រឹត្តខុសអំពីការទទួលខុសត្រូវ ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង ឬ លក្ខន្តិកៈរបស់ក្រុមហ៊ុន ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


×