អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ពាក់ព័ន្ធការបង្រ្កាបករណីឃាតកម្មបាញ់ជនរងគ្រោះបណ្ដាលឲ្យស្លាប់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។
ករណីឃាតកម្មនេះ កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅតាមផ្លូវលំភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ពីសំណាក់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង
លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះសហការស្រាវជ្រាវ ជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងបានការសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនជនសង្ស័យពីរនាក់ ក្នុងនោះម្នាក់ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះ និងម្នាក់ជាអ្នកផ្ដល់កាំភ្លើងខ្លីឲ្យជនដៃដល់។
នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង។ ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត-ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ។ ជនសង្ស័យទី១ ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនដៃដល់បាញ់ជនរងគ្រោះ) ។ ជនសង្ស័យទី២ឈ្មោះ ផេង ស៉ីថុល ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកផ្ដល់កាំភ្លើង)។ វត្ថុតាងដកហូត៖ អាវុធខ្លីម៉ាក CF98 មានគ្រាប់ចំនួន ០៩គ្រាប់បច្ចុប្បន្ន៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ