ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកក្នុងល្បឿនលឿនគេចពីម៉ូតូជ្រុលចង្កូត ធ្លាក់ចូលក្នុងវាលស្រែបណ្ដាលឱ្យផ្អៀងក្រឡាប់ផ្ងារជើង ចំណែកតៃកុងរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១១និង ៤០នាទីថ្ងៃអង្គារទី ២២ ខែធ្នូ ឆ្នាំ ២០២០ ស្តិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្អូនប្រុសនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រឡុកមួយគ្រឿងដែលពាក់ផ្លាកលេខ 5A 2971 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានគេចពីម៉ូតមួយគ្រឿងទៀត ដែលមិនចាំម៉ាកក៏ជ្រុលចង្កូតធ្លាក់ចូលទៅក្នុងវាលស្រែក្រឡាប់ផ្ងារជើងមួយចំហៀង។ ចំណែកឯតៃកុងរថយន្តវិញ បានបើកកញ្ចក់រថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចចុះមកដល់រួចបានពិនិត្យមើលទៅឃើញថា មិនប៉ះពៀរទៅលើទ្រព្យសម្បត្តិរដ្ឋ និងមិនគ្រោះថ្នាក់ទៅលើគាគីដទៃទៀត ក៏ ទំនាក់ទំនងឲ្យម្ចាស់ក្រុមហ៊ុន មកស្ទូចយកទៅជួសជុលខ្លួនឯង៕ រក្សាសិទ្ធិដោយ៖សា មេត