សៀមរាប ៖ ជនជាប់ចោទចំនួន២នាក់ដែលច្រៀងចម្រៀងរ៉េបរិះគន់បញ្ហាសង្គមនៅកម្ពុជា ត្រូវបានតុលាការខេត្តសៀមរាប សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
តុលាការខេត្តសៀមរាប នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចផ្ដន្ទាទោស ជនជាប់ចោទឈ្មោះ គា សុគន្ធ ឱ្យជាប់ពន្ធនាគារ១ឆ្នាំ ៦ខែ ដោយត្រូវអនុវត្តទោសជាប់ពន្ធនាគារ ១ឆ្នាំ និងទោសនៅសល់ត្រូវបានព្យួរ។
យុវជនទាំង២នាក់ ឈ្មោះ គា សុគន្ធ អាយុ២២ឆ្នាំ និង ឈ្មោះឡុង ពុទ្ធារ៉ា អាយុ១៧ឆ្នាំ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនកាលពី ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីពួកគេច្រៀងចម្រៀងរ៉េប បង្ហោះតាមបណ្ដាញសង្គមរៀបរាប់ពីការឈឺចាប់រឿងអយុត្តិធម៌សង្គម សេដ្ឋកិច្ច ធ្លាក់ចុះពលរដ្ឋចំណាកស្រុកបញ្ហាព្រំដែន និងសង្គមជាតិទន់ខ្សោយ ជាដើម។
សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែកញ្ញាថា សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនជនជាប់ចោទឈ្មោះ គា សុគន្ធ នៅម៉ោង ៧និង៣០នាទីព្រឹក កាលពីថ្ងៃទី៤ ខែកញ្ញា នៅផ្ទះរបស់គេទល់មុខប្រាសាទអង្គរវត្ត ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ ជនជាប់ចោទ ឈ្មោះគា សុគន្ធ ម្ចាស់បទចម្រៀងរ៉ែប «ដីខ្មែរ» ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែកញ្ញា ក្រោយពីជនរូបនេះ ច្រៀងបង្ហោះតាមបណ្ដាញសង្គម រិះគន់បញ្ហាសង្គម។ ជនជាប់ចោទ គា សុគន្ធ អាយុ ២២ឆ្នាំ មានមុខរបរជាងថតរូប និងវីដេអូ ក្នុងពិធីមង្គលការ និងវិធីផ្សេងបុណ្យផ្សេងៗក្នុងខេត្តសៀមរាប។ ជនរូបនេះ តែងតែនិពន្ធបទចម្រៀង និងច្រៀងដោយខ្លួនឯង បង្ហោះក្នុង យូធូប (Youtub) និងបណ្ដាញសង្គម រិះគន់បញ្ហាសង្គម។ វីដេអូចម្រៀង ដែលលោកបង្ហោះជាលើកចុងក្រោយ មានចំណងជើងថា «ដីខ្មែរ» ដែលមានមនុស្សចូលទស្សនាច្រើន និងមានការចែករំលែកយ៉ាងច្រើនតាមបណ្ដាញសង្គមហ្វេសប៊ុក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ