ភ្នំពេញ៖ នេះជាហេតុការណ៍ដ៏មិននឹកស្មានមួយ ខណៈដែលក្មេងស្រីតូចម្នាក់បានចូលទៅលេងនៅក្នុងបន្ទប់ទឹក តែជាអកុសលបានដាំដូងចូលក្នុងធុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យម្តាយស្រែកទ្រហោយំស្ទើរតែឆ្កួតទៅហើយ ដោយសារមានកូនស្រីតែម្នាក់នេះគត់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ស្រីនីត អាយុ ១ ឆ្នាំ ។ ចំណែកម្តាយឈ្មោះ ណុប គន្ធា ស្នាក់នៅក្នុងបន្ទប់ផ្ទះជូលកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយជាប់រវល់នៅមុខបន្ទប់ជួល ខណៈកូនស្រីរងគ្រោះបានកំពុងលេងជាមួយក្មេងៗដទៃទៀត នៅក្នុងបន្ទប់។ ហើយដោយសារគិតថាកូនស្រីកំពុងលេងសប្បាយជាមួយក្មេងៗដទៃ ស្ត្រីជាម្តាយក៏ពុំចាប់អារម្មណ៍មើលកូន។ ប៉ុន្តែ អ្វីដែលធ្វើឲ្យស្ត្រីជាម្តាយស្លុតចិត្តស្ទើរគាំងបេះដូង គឺនៅពេលពុំលឺមាត់ក្មេងៗលេងក្នុងបន្ទប់បន្តទៀត ពោលគឺខណៈក្មេងៗដទៃទៅផ្ទះអស់ គាត់ក៏ចូលមកមើលកូន ស្រាប់តែពុទ្ធោអើយ កូនស្រីកំពុងដាំក្បាលចុះក្រោម ជើងឡើងលើ ឈ្លក់ទឹកធុងជម្រៅ២ទៅ៣តឹក ស្លាប់បាត់ទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង