ឧត្តរមានជ័យ៖កម្លាំងអធិការរដ្ឋាននគរបាលក្រុងសំរោងបានចូលរួមសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករ និង ក្រុមគ្រួសារពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ០៨ នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី)វិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូងមិនបាននៅធ្វើចត្តាឡីស័ក្តិ។
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ដោយទទួលបានព័ត៌មានពី លោកចៅសង្កាត់កូនក្រៀលភ្លាមថា មានពលករមកពីក្រៅប្រទេសមិនបានអនុវត្ត វិធានសុខាភិបាល លោក ឧត្តមសេនីយ៍ទោ ហួត សុធីស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាទៅ កំលាំងអធិការរដ្ឋាននគរបាលក្រុងសំរោង ដែលមាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល បានចូលរួមសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករ ចំនួន ១ នាក់ មានឈ្មោះ ចាំ សួង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលបានវិលត្រឡប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី)វិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ហើយមិនបាននៅធ្វើចត្តាឡីស័ក្តិ និងបានមកផ្ទះរបស់ខ្លួន នៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង តែម្តង ។
ហើយ បច្ចុប្បន្ន ពលករចំណាកស្រុក និងអ្នកក្រុមគ្រួសារពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ០៨ នាក់ ត្រូវបានក្រុមការងារ និង គ្រូពេទ្យជំនាញ នាំយកទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដើម្បីយកសំណាកទៅពិនិត្យ ។
ឧត្តមសេនីយ៍ទោ ហួត សុធីបានឲ្យដឹងថា ក្នុងនាមអាជ្ញាធរខេត្ត និង មន្ទីរសុខាភិបាលខេត្ដ សូម អំពាវនាវ ដល់បងប្អូន ប្រជាពលករទាំងអស់ដែលវិញត្រឡប់មកពីក្រៅប្រទេស ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាលអោយបានដាច់ខាត ។ ហើយសូមអំពាវនាវដល់ បងប្អូនយើងនៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក ខេត្ត បើបានដឹងរឺមានពត៌មានថា មានបងប្អូនប្រជាពលករយើងមកពីក្រៅប្រទេស មកដល់មូលដ្ឋាន មិនបានឆ្លងកាត់ វិធានសុខាភិបាល (ចក្ដាឡីស័ក រឺ មិនបានពិនិត្យ សំណាក) ឆាប់រាយការណ៍បន្ទាន់មក អាជ្ងាធរ ភូមិ ឃុំ រឺ នគរបាលប៉ុស្តិរដ្ឋបាលអោយបានឆាប់បំផុត ។
ដោយឡែក លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងនាព្រលប់ថ្ងៃទី០៣ ខែមករានេះថា ពលករឈ្មោះ ថាំង សួង និងក្រុមគ្រួសារសរុប ៨ នាក់នេះ ត្រូវបាននាំទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅស្រុកអន្លង់វែង និងបានយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩ហើយ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានណែនាំដល់មន្ត្រីមូលដ្ឋានថា ពលករដែលមកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ ដាច់ខាតត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ចំពោះពលករមកពីច្រកផ្សេងៗ លោកប្រធានមន្ទីរអំពាវនាវឱ្យអាជ្ញាធរភូមិ ឃុំ ត្រូវតាមដានឱ្យបានច្បាស់ និងត្រូវរាយការណ៍បន្ទាន់មកមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងការពារប្រជាពលរដ្ឋក្នុងភូមិ ឃុំរបស់ខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ