បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការអំពាវនាវដល់អ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ ដែលមានអ្នករត់ម៉ូតូកង់បី និងផាស់ស្អាប់ជាដើម ត្រូវបន្តប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ការលើកឡើងនេះ ក្នុងពិធីសំណេះសំណាលនិងចែកស្បៀងដល់អ្នករត់ម៉ូតូកង់បីនិងផាស់ស្អាប់ កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ខណៈនេះនៅប្រទេសថៃ មានការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ក្នុងសហគមន៍ ច្រើនហើយពលករខ្មែរកំពុងធ្វើការនៅទីនោះ បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ ដោយអ្នកខ្លះក៏បានឆ្លងជំងឺកូវីដ១៩ កំពុងសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យ រួមទាំងពលករផ្សេងៗទៀត ត្រូវបានធ្វើចត្តាឡីស័កដោយត្រឹមត្រូវ។ដោយបញ្ហានេះ បានធ្វើឲ្យមានការព្រួយបារម្ភ ដូច្នេះសូមបងប្អូនជាអ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្ន អនុវត្តនូវវិធានការអនាម័យមានពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃនឹងទឹកស្អាត ជែល អាល់កុលហើយត្រូវរក្សាគម្លាតសង្គម តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់អ្នករត់ម៉ូតូកង់បីនិងផាស់ស្អាប់ ត្រូវចូលរួមថែរក្សាសណ្ដាប់
ធ្នាប់ក្រុងតាមរយៈការបើកបរ និងការចតឲ្យមានរបៀបរៀបរយចៀសវាងបង្កការរំខានដល់ភ្ញៀវទេសចរ ឬអ្នករួមដំណើរលើផ្លូវតែមួយ ហើយក៏ត្រូវត្រៀមជានិច្ច នូវការទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្ត ដើម្បីស្ដារជីវភាពឡើងវិញ នៅពេលជំងឺកូវីដ១៩ បានធូរស្បើយទៅវិញនៅទូទាំងពិភពលោក ខណៈបញ្ហាជំងឺដ៏កាច់សាហាវនេះ បានប៉ះពាល់ដល់មុខរបរអ្នកបម្រើសេវាកម្មដឹកជញ្ជូនទាំងអស់នេះ។
តំណាងអ្នកពលរដ្ឋទទួលបានអំណោយ បានសូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ ហើយពួកគាត់សន្យានឹងអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ ។
គួរបញ្ជាក់ផងដែរថា អំណោយដែលផ្ដល់ជូនអ្នករត់ម៉ូតូកង់បីនិងរត់ផាស់ស្អាប់ទាំងអស់នេះ រួមមានអង្ករ ត្រីខ សាប៊ូលាងដី ទឹកសុទ្ធនិងថវិកាមួយចំនួន ហើយកន្លងមកពួកគេក៏ធ្លាប់បានទទួលនូវបរិក្ខាការពារជំងឺកូវីដ១៩ មានទឹកអាល់កុល ជែលនិងម៉ាស់ ពីលោក ណុប ដារ៉ា អភិបាលរងខេត្តផងដែរ ៕រក្សាសិទ្ធិដោយ៖អ៊ុងសារុំ