កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានឱ្យដឹងថា ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១នេះ មានសិស្សសិក្សាជិត ៤លាននាក់។ ក្នុងនោះសិស្សថ្នាក់មត្តេយ្យ និងចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជន មានប្រមាណ ៣លាន ៥សែននាក់ សិស្សស្រីមានប្រមាណ ៤៩ភាគរយ។ ដោយឡែកថ្នាក់ឧត្តមសិក្សាទាំងរដ្ឋ និងឯកជន មានប្រមាណ ២១ម៉ឺននាក់ និស្សិតស្រីប្រមាណ ៤៦ភាគរយ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងឱ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម។ ពិធីបើកបវេសនកាលដែលធ្វើឡើងនៅខេត្តកំពង់ចាម ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
គ្រឹះស្ថានសិក្សាសាធារណៈ ទូទាំងប្រទេស បានរៀបចំពិធីបើកបវេសនកាល
ឆ្នាំសិក្សាថ្មី ២០២០-២០២១ ដែលជាថ្ងៃនៃការរៀបចំខ្លួនអបអរសាទរថ្ងៃផ្ដើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបគ្រប់អាយុសិក្សា និងជាថ្ងៃដែលប្អូនៗសិស្សានុសិស្ស និស្សិតបន្តចូលរៀននៅកម្រិតថ្នាក់ខ្ពស់បន្តទៀតនៅទូទាំងប្រទេសដែល មានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស នៅតាមសាលារៀងៗ ខ្លួន។
ប៉ុន្តែបរិបទថ្មី ដើម្បីធានាដំណើរការគ្រឹះស្ថានដោយមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានសិក្សាទាំងអស់អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា SOP ដែលសំណុំនៃការណែនាំជាជំហានៗ ដើម្បីជួយឲ្យគ្រឹះស្ថានសិក្សាធ្វើប្រតិបត្តិការសម្រេចបាននូវប្រសិទ្ធភាព និងគុណភាពបង្កាការឆ្លងកូវីដ១៩។
ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា វិស័យអប់រំ និងសុខាភិបាលជាអាទិភាពទី១ ដោយស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ និងសិស្សានុសិស្ស ត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាពអនាម័យ តាមអភិក្រម ៣ការពារ ៣កុំ ក្នុងបរិបទកូវិដ-១៩ ត្រូវរៀបចំ និងអនុវត្ត ទស្សនាទាន គន្លងជីវិតថ្មីក្នុងវិស័យអប់រំ បន្តជំរុញការអប់រំឌីជីថល និងអនុវត្តវិធីសាស្ត្រការអប់រំតាមបែបចម្រុះចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ក្នុងសតវត្សទី២១។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងនូវអំណរគុណចំពោះបងប្អូនជនរួមជាតិ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែបានរួមចំណែក កសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្ដល់នូវកិច្ចសហការល្អតទៅទៀត រីឯយុវជន យុវនារី និស្សិត សិស្សានុសិស្ស ទាំងអស់ សូមបន្តខិតខំរៀនសូត្រ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងធ្វើការសិក្សាស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គមជាតិ និងប្រទេសជាតិទាំងមូល។
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសន កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid- ១៩ ក្នុងឆ្នាំសិក្សា២០១៩- ២០២០ កន្លងមក ថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនទានថ្មីនៃគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ