Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្ទាក់​ប្រមាណ​៥​ម៉ឺន​ត្រូវបាន​ដោះចេញពីតំបន់ការពារធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០២០

​មណ្ឌល​គី​រី​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ​អភិរក្ស​បានឱ្យដឹងថា​អន្ទាក់​ជាច្រើន​ត្រូវបាន​គេ​ដោះ​ចេញពី​តំបន់​ការ​ធម្មជាតិ​ដោយ​ក្នុងនេះ​នៅ​ឆ្នាំ​២០២០​កន្លងមក​ការ​ដោះ​អន្ទាក់​គ្រប់​ប្រភេទ​សរុប​មាន​ចំនួន​ប្រមាណ​៥​ម៉ឺន​អន្ទាក់ ខណៈ​អន្ទាក់​ចំនួន​ជាង​៤​ម៉ឺន​ត្រូវបាន​ដោះចេញ នៅ​ឆ្នាំ ២០១៩​កន្លងទៅ​។​

​ឯកឧត្តម​នេត្រ​ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប រិ​ស្ថា ន​បញ្ជាក់​ឱ្យដឹងថា​”​ក្នុង​មួយឆ្នាំៗ​យ៉ាងហោចណាស់​អន្ទាក់​ចំនួន​៥​ម៉ឺន​ត្រូវបាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ​របស់​យើង​។ អន្ទាក់ គឺជា​ឃាតករ​លាក់​មុខ​ដែល​បានសម្លាប់​សត្វព្រៃ​ជាច្រើន​រាប់មិនអស់ ហើយ​អន្ទាក់​ជាច្រើន​ត្រូវបាន​ក្រុម​ជនល្មើស​បាន​ប្រើ​ដាក់​បង្កប់​ក្នុងព្រៃ​ដែល​អាច​សម្លាប់សត្វ​គ្រប់ពេលវេលា​។​អន្ទាក់​ប្រភេទ​ខ្លះ​មិន​ត្រឹម​គ្រោះថ្នាក់​សត្វព្រៃ​ទេ​ប៉ុន្តែ​វា​ក៏​នៅ​បង្ក​គ្រោះ​ថា្នក់​ដល់​ព្រានព្រៃ​ខ្លួនឯង​ផង​”​។ ទាក់ទិន​រឿង​អន្ទាក់​នេះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​មានប្រសាសន៍ថា​អន្ទាក់​មួយចំនួន​មិន​ត្រឹមតែ​ជនល្មើស​កែច្នៃ​ធ្វើ​ខ្លួនឯង​ទេ ប៉ុន្តែ​មួយចំនួនទៀត​ត្រូវបាន​នាំចូល​មកពី​ប្រទេសជិតខាង​។​
​ជុំវិញ​បញ្ហា​អន្ទាក់​ដែល​ជនល្មើស​តែង​ប្រើ​ដាក់​នៅ ក្នុង​ខេត្ត​មណ្ឌល​គី​រី​វិញ​ត្រូវបាន​ឯកឧត្តម​រដ្ឋលេខាធិកា​រ លើក​មក​បញ្ជាក់ថា​គឺមាន​អន្ទាក់​ចំនួន​ជិត​១​ម៉ឺន​អន្ទាក់​ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្ត​នេះ​កាលពី​អំឡុង​ឆ្នាំ​២០២០​កន្លងមក​។​

​បញ្ជាក់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​ខេត្តមណ្ឌលគិរី ដែល រៀ ប ចំ​ដោយ​ក្រសួងបរិស្ថាន និង អង្គការ WWF កាលពី​ថ្មីៗ​មកនេះ​លោក​សេង ទៀក បានឱ្យដឹងថា​នាពេល​បច្ចុប្បន្ននេះ​អន្ទាក់​នៅតែ​ជា​ឃាតករ​បំ​ផ្លិត​បំផ្លាញ​សត្វព្រៃ​កម្ពុជា​ដែល​ជនល្មើស​តែងតែ​ឆ្លៀតឱកាស​ក្នុងការ​លបលួច​ចាប់​សត្វព្រៃ​នៅ​កម្ពុជា​។ បើតាម​លោកនាយក​អង្គការ WWF រូបនេះ​បានឱ្យដឹងថា​នាពេល​បច្ចុប្បន្ន​មាន​អន្ទាក់​ចំនួន​៥​ប្រភេទ ដែល​ជនល្មើស​តែង​បាន​ប្រើប្រាស់​សម្រាប់​ចាប់​សត្វ​រៀងរាល់ថ្ងៃ ដោយ​នៅតែ​បង្ក​គ្រោះថ្នាក់​និង​គំរាមកំហែង​ដល់​សត្វព្រៃ​ដែលជា​សត្វ​កម្រ​នៅ​កម្ពុជា​ក៏ដូចជា​ប្រភេទ​ពូជ​សត្វ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​យើង​នេះ​។​

​លោ​កថា​ក្រៅពី​អន្ទាក់​ធម្មតា​ជនល្មើស​នៅ​ប្រើ​អន្ទាក់​ប្រភេទ​ប្រើ​ចរន្តអគ្គិសនី​ដើម្បី​សម្លាប់​សត្វព្រៃ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​ថែមទៀត​។​សម្រាប់​អន្ទាក់​ទាំង​៥​ប្រភេទ​ដែល​តែង​បង្ក​គ្រោះថ្នាក់​ដល់​សត្វព្រៃ​រៀងរាល់​ថ្ងៃនេះ​មានដូចជា​អន្ទាក់​ប្រើប្រាស់​ចរន្តអគ្គិសនី អន្ទាក់​ខ្សែរ​កាប អន្ទាក់​ខ្សែរ​គោ អន្ទាក់​រឺ​ស័​រ អន្ទាក់​អង្គុប​ដែក​ជាដើម​។​
​ព្រម​ជាមួយគ្នានេះ​លោក​បាន​ចាត់ទុកថា អន្ទាក់​គឺជា​ឃាតក​លាក់​មុខ​ដែល​វា​អាច​សម្លាប់​សត្វព្រៃ​បាន​គ្រប់ពេលវេលា ហើយ​អន្ទាក់​ក៏​ជាការ​គំរាមកំហែង​ដល់​ប្រភេទ​សត្វ​មួយចំនួន​ដល់​ស្ថិតក្នុង​ប្រភេទ​កម្រ​ស្រាប់​ឱ្យ​បាត់បង់​និង​ផុត​ពូជ​ពីលើ​ផែនដី​យើង​នេះ​ផងដែរ។​
​ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ដល់​ព្រានព្រៃ​ទាំងអស់​គប្បី​បញ្ឈប់​សកម្មភាព​បំ​ផ្លិត​បំផ្លាញ​សត្វព្រៃ​នេះ​ជាបន្ទាន់​ដោយសារតែ​វា​មិន​ត្រឹមតែ​បំផ្លាញ​សត្វព្រៃ​ដ៏​មានតម្លៃ​ក្នុងប្រទេស​ទេ ប៉ុន្តែ​វា​ក៏​នៅ​បំផ្លិចបំផ្លាញ​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ​តាមរយៈ​វិស័យ​ទេសចរណ៍​ថែមទៀត​។​

​ឯកឧត្តម នេត្រ ភក្ត្រា​បានបញ្ជាក់​បន្ថែមថា​”​បច្ចុប្បន្ននេះ​តួនាទី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​យើង​មិន​ត្រឹមតែ​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ការកាប់បំផ្លាញ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង​គាត់​ក៏បាន​ដើរ​ស្វែងរក​អន្ទាក់​និង​ដោះចេញ​និង បំផ្លាញ​អន្ទាក់​ចោល​ដើម្បី​សង្គ្រោះ​ជីវិត​សត្វព្រៃ​ទៀតផង​”​។​
​ព្រម​ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​លើកឡើងថា ដើម្បី​បញ្ឈប់​ការ​បរបាញ់​សត្វ​បញ្ឈប់ ការដាក់​អន្ទាក់​ចាប់​សត្វ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ កុំ​ជួញដូរ​សត្វ​ព្រែ និង​កុំ​ជឿ​លើ​ជំនឿ​ថា​បរិភោគ​សាច់សត្វ ឈាម ឬ​យក ឆ្អឹង​សត្វព្រៃ​ទៅធ្វើ​ឱសថ​ប៉ូវ​កម្លាំង​ឬ​ជំនួយ​ដល់​សុខភាព តែ​វា​អាច​នឹង​ធ្វើឱ្យ​បងប្អូន​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ទៅវិញ​ដោយសារតែ​អាចមាន​មេរោគ​ផ្សេងៗ​តាមរយៈ​សត្វ​ទាំងនេះ​វិញ​”​។​

​ដោយឡែក​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា ក្រុម​ជនល្មើស​តែង​រាយ​អន្ទាក់​របស់​ពួកគេ​តាម​តាម​តំបន់​មាត់ទឹក​និង​កន្លែង​ផ្លូវ​របស់​សត្វ​ដើរ ហើយ​ពួកគេ​បានសម្លាប់​សត្វព្រៃ​ទាំងនេះ​ដើម្បី​ជួញដូរ​ក៏ដូចជា​ធ្វើ​ម្ហូបអាហារ​ប្រចាំ​គ្រួសារ​របស់​ពួកគេ​។​
​ប្រធាន​មន្ទីរ​ខេត្តមណ្ឌលគិរី​រូបនេះ​បានបញ្ជាក់​បន្ថែមថា​”​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង​តែងតែ​ចុះ​ល្បាត​ជាប់​ជាប្រចាំ​ក្នុងនេះ​យើង​បាន​ចាប់​ជនល្មើស​ដើម្បី​អប់រំ​កែប្រែ​ខ្លួន​និង​មួយចំនួនទៀត​ដែលជា​បទល្មើស​ធ្ងន់ធ្ងរ​ត្រូវបាន បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​”​។​

​គួរបញ្ជាក់​ថាបើ​តាមរ​បាយ​ការណ៍​របស់​អង្គការ​មូលនិធិ​សាកល​សម្រាប់​ធម្មជាតិ​(WWF)​បានឱ្យដឹងថា នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច និង ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​ដែល ដែនជម្រកសត្វព្រៃ​ទាំង ពីរ​នេះ​ជា​តំបន់ការពារធម្មជាតិ ក្នុងចំណោម​តំបន់​ការពារ​ផ្សេងទៀត​នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ ខាងកើត ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ចំនួន ២៧,៤៦០ គ​.​ម​។ ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី និង​ក្រចេះ​។ ដែន​ជម្រក សត្វព្រៃ​ទាំងពីរ​នេះ​ជាទី​ជម្រក​របស់​សត្វ​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ជា​សកល​ជាច្រើន​ប្រភេទ រាប់បញ្ចូល​ទាំង ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ រួមមាន​ដូចជា សត្វ​ទន្សោង សត្វ​ដំរី​អាស៊ី​ ​សត្វ​ក្រពើ​ភ្នំ ដែលមាន​ចំនួន​សេសសល់​ចុងក្រោយ​នៅក្នុង​ប្រទេស សត្វ​ខ្លារខិន ដែលជា​ចំនួន​នៅ​សេសសល់​ចុងក្រោយ​សម្រាប់​តំបន់​ឥណ្ឌូចិន និង​ពពួកសត្វ​ស្លាប ដូចជា​សត្វ​ត្រ​យ៉ង សត្វ​ត្មាត និង​សត្វ​ក្ងោក​បៃតង ព្រមទាំង​សត្វព្រៃ​សំខាន់ៗ​ផ្សេងទៀត​រាប់បញ្ចូល​ទាំង​សត្វ​រមាំង សត្វ ខ្ទីង សត្វ​ឈ្លូស សត្វ​ប្រើស និង​ពពួកសត្វ​ស្វា​ជាដើម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×