ភ្នំពេញ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តវឱ្យតឹងរ៉ឺងបំផុត ចំពោះយានយន្តដែលបំពាក់ស៊ីម៉ាំងខ្លាំង រំខានទៅដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ។ អភិបាលរាជធានី បានឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់ និងមិនមានការលើកលែង។
ការណែនាំបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២០ ខែមករានេះ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ការងារនេះ យើងត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះយានយន្តគ្រប់ប្រភេទ មិនថាម៉ូតូឬរថយន្តនោះទេ ពោលគឺឲ្យតែមានសំឡេងរំខានខុសពីធម្មតាគឺយើងត្រូវតែឃាត់ទុក ណែនាំអប់រំនិងឲ្យពួកគាត់ដោះដូរមកជាបំពង់ស៊ីម៉ាំងធម្មតាវិញ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញបាន។ ដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យ អាជ្ញាធរខណ្ឌ១៤ និងមានឧបករណ៍វាស់ សំឡេងក្នុងមួយខណ្ឌ ពីរទៅបីគ្រឿង ដើម្បីឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌនីមួយៗ មានលទ្ធភាពក្នុងការឃាត់ វាស់សំឡេងយានយន្តទាំងនោះ។
លោកសុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា អនុវត្តទៅតាមការណែនាំ នៃវិធានការឃាត់យានយន្តពាក់ស៊ីម៉ាំងលើនេះ ក្នុងការអនុវត្តជាលើកទីមួយ កម្លាំងមានសមត្ថកិច្ចប៉ូលីស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់យានយន្ត បានចំនួន៦០គ្រឿង និងបានធ្វើបច្ចុប្បន្នភាពបានចំនួន៤០គ្រឿង ប៉ុន្តែ បើទោះបីជាមានការណែនាំថា អោយអប់រំនឹងប្ដូរស៊ីម៉ាំងមកជាធម្មតាវិញ ឱ្យឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញនោះ គឺយានយន្តដែលបានឃាត់ទុក មិនទាន់អនុញ្ញតឲ្យពួកគាត់ត្រឡប់ទៅវិញអស់នៅឡើយទេ ដោយសារតែម៉ូតូមួយចំនួនមិនទាន់មានស៊ីម៉ាំងដើម្បីធ្វើការផ្លាស់ប្ដូរ។
ក្រៅពីការលើកឡើងខាងលើ ជុំវិញវិធានការចំពោះការបំពាក់ស៊ីម៉ាំង មានសំឡេងខ្លាំងខាងលើនេះ ការងាររៀបចំសណ្ដាប់ធ្នាប់ ក៏ជាការងារមួយដែលលោកឃួង ស្រេង បានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ ដើម្បីជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យកាន់តែប្រសើរជាងមុន ទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញមិនមែនសម្រាប់តែអ្នកមានទេ តែទីក្រុងភ្នំពេញ ដាច់ខាតត្រូវតែមានសណ្ដាប់ធ្នាប់ មានភាពស៊ីវីល័យ ។ ដូច្នេះទេ អាជ្ញាធរទាំងអស់ត្រូវមានវិធានការជុំវិញរ៉ឺម៉កដឹកសំពីងសំពោង គឺមិនអនុញ្ញាតឲ្យពួកគាត់ដឹកជញ្ជូនចូលមកកណ្ដាលរាជធានីនោះទេ ។ ជាជំហានទី១ ចំពោះរ៉ឺម៉កម៉ូតូដឹកសំពីងសំពោងនេះ អាជ្ញាធរត្រូវឃាត់ដើម្បីធ្វើកិច្ចសន្យាអប់រំជាលើកទីមួយ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ ។ តែបើមានជាលើកទី២ យើងត្រូវតែធ្វើការអត់ពួកគាត់ទុក ។ ការអនុវត្តការងារនេះគឺ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើង កាន់តែមានសោភ័ណភាពមានសណ្ដាប់ធ្នាប់ស័ក្តិសមជាទីក្រុងដែលមានភាពស៊ីវិល័យ៕ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ