Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​កម្រ​ជិត​ផុត​ពូជ នៅលើ​ពិភពលោក កំពុងមាន​វត្តមាន នៅ​ខេត្តស្ទឹងត្រែង​

​ស្ទឹងត្រែង​៖​សត្វ​កម្រ​មួយ​ប្រភេទ ដែល​មន្ត្រី​អភិរក្ស​លើកឡើងថា​ស្ទើ​តែ​ជិត​ផុត​ពូជ​ទៅហើយ នៅលើ​ពិភពលោក​នោះ ស្រាប់​តែមាន​វត្តមាន​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​។​

ពេលនេះ​កំពុងតែ​យកចិត្តទុកដាក់​អភិរក្ស​បំផុត​តាមរយៈ​ការចុះ​អង្កេត​តាមដាន និង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ហាម​មិន​ឲ្យ​មានការ​បរបាញ់​ប្រ​ព្រឹក​បទល្មើស​នៅ​តំបន់​នោះ​ជាដាច់ខាត​ពីព្រោះ​វា​គឺជា​សត្វ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​។​
ឃុំ​កោះ​ស្រ​ឡាយ​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង គឺជា​តំបន់​ដី​កោះ​មួយ​មានព្រៃ​នៅ​ខ្លះ​ផ្ដល់​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ​ធម្មជាតិ​ដែល​កំពុងតែ​មានការ​អភិរក្ស​នៅ​បច្ចុប្បន្ននេះ​។​

​បក្សី​ព្រៃ​ដ៏​កម្រ​ដែល​មន្ត្រី​អភិរក្ស​កំពុង​ថែរក្សា​នោះ គឺជា​សត្វ​ត្រ​យ៉ង​ចង្កំ​កស​។​

​លោក ឡេង ថុល អ្នកសម្របសម្រួល​គម្រោង​អភិរក្ស​សត្វ​ត្មាត របស់​អង្គការ​មជ្ឈមណ្ឌល​អង្គ​រ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ ហៅ​កាត់​ថា (ACCB) ប្រចាំខេត្ត​ស្ទឹងត្រែង បានបញ្ជាក់​ឲ្យ​ដឹងថាៈ​ខាង​អង្គការ​របស់លោក​មាន​គោលដៅ​អភិរក្ស​សត្វ​ត្មាត សត្វ​ត្រ​យ៉ង និង​សត្វ​ដែល​ផុត​ពូជ​ដ៏ទៃទៀត​។ មជ្ឈមណ្ឌល​នេះ​មាន​គោលបំណង​ធំ គឺ​សង្គ្រោះ​ព្យាបាល​សត្វព្រៃ​ទាំងឡាយណា​ដែលមាន​របួស មាន​ជំងឺ និង​ស្តារនីតិសម្បទា​សត្វព្រៃ​។​

​លោក ឡេង ថុល រៀបរាប់​បញ្ជាក់ បន្ថែមទៀតថា ពីមុន គឺ​មិនមាន​ពពួកសត្វ​ត្រ​យ៉ង​ចង្កំ​កស​នៅ​តំបន់​នេះ​នោះទេ ហើយ​អ្វីដែល​ជាការ​ទាក់ទាញ​ឲ្យ​សត្វ​ត្រ​យ៉ង​ចង្កំ​កស មក​
​រកស៊ី និង​មាន​វត្តមាន​នៅលើ​កោះ​នេះ ដោយសារតែ​នៅលើ​ទឹកដី​ក្នុងភូមិ​សាស្ត្រ​កោះ​ស្រ​ឡាយ​នេះ សម្បូរ​ទៅដោយ​ចំណីអាហារ​និង​ជម្រក​សម្រាប់​ពួកវា ។​

​លោក​ថាៈ មូល​ហេតុដែល​អង្គការ​ACCB អភិរក្ស​ជា​ចម្បង​ទៅលើ​ពពួកសត្វ​ត្រ​យ៉ង​ចង្កំ​កស ដោយសារ​ចំនួន​របស់​វា មានការ​ធ្លាក់ចុះ​ដល់​កម្រិត​ដែល​ត្រូវ​អភិរក្ស ហើយ​សត្វ​នេះ ក៏ត្រូវ​បាន​ចាត់​ចូល​ទៅជា​ពពួកសត្វ​ដែល​កម្រ និង​មាន​សារៈសំខាន់ ។​

​លោក​ឡេង ថុល បន្តថា នៅលើ​ពិភពលោក​យើង​នេះ សត្វ​ត្រ​យ៉ង​ចង្កំ​កស ត្រូវគេ​សង្កេតឃើញថា​នៅមាន​ចំនួន​តិចតួច​បំផុត បើ​ប្រៀបធៀប​ទៅ​និង​សត្វ​កម្រ​ដទៃទៀត ។​

​តាម​ការសង្កេតមើល​អំពី​សត្វ​ត្រ​យ៉ង នៅ​ប្រទេស​កម្ពុជា​យើង​នេះ មាន​៤​ប្រភេទ គឺៈ​សត្វ​ត្រ​យ៉ង​ខ្លួន​ស ត្រ​យ៉ង​យក្ស ត្រ​យ៉ង​ខ្លួន​រលោង​និង​ត្រ​យ៉ង​ចង្កំ​កស​នេះ​តែម្តង ។ ហានិភ័យ​បំផុត​ចំពោះ​សុវត្ថិភាព​សត្វ​ត្រ​យ៉ង​ចង្កំ​កស គឺ​ប្រឈម​ជាមួយនិង​ក្មេងៗ ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ទម្លាប់​បរបាញ់​សត្វព្រៃ​ធ្វើជា​អាហារ ដែល​ពួកគាត់​ពុំទាន់​ជ្រៀប អំពី​ការអភិរក្ស​សត្វ​ប្រភេទ​កម្រ​នោះទេ ។
ហេតុដូច្នេះ​ហើយ​បានជា​ក្រុម​អភិរក្ស​យកចិត្តទុកដាក់ ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​ទៅលើ​សត្វ​ប្រភេទ​នេះ​ដែល​កំពុងតែ​រស់នៅ​លើ​ដី​កោះ​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ខេត្តស្ទឹងត្រែង​។​

ជា​ចុង​ក្រោយនេះ​ក្រុម​អភិរក្ស​សូម​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​នេះ​ក្តី និង​នៅ​ខាងក្រៅ​ភូមិសាស្ត្រ​ក្តី បើកាលណា​បាន​ស្គាល់​សត្វ​ត្រ​យ៉ង ចង្កំ​កស​នេះហើយ សូម​ចូលរួម​ការពារ និង​អភិរក្ស​ទាំងអស់គ្នា​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ព្រោះ​វា​ស្ថិតនៅក្នុង​កម្រិត​ដែល​ត្រូវ​អភិរក្ស​ហើយ ។​

​សូមបញ្ជាក់ថា ប្រភេទ​សត្វ​ត្រ​យ៉ង​ចង្កំ​កស​ដ៏​កម្រ​នេះ វា​អា​ចពង​កូន​ម្តង​ចាប់ពី​២​ទៅ​៤​ពង ប៉ុន្តែ​តាម​ការសង្កេត និង​ស្រាវជ្រាវ​ពី​ជំនាញ ឃើញថា​កម្រ​ពង​ដល់​ចំនួន​៤​នោះទេ ភាគច្រើន​គឺ​ពង​តែ​២​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ ៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×