ភ្នំពេញ ៖ ស្របពេលដែលក្រុមហ៊ុនសន្ដិសុខឯកជននៅកម្ពុជាមានចំនួនស្មើនឹងប្រមាណ៧០ភាគរយ នៃកម្លាំងនគរបាលជាតិ សម្រាប់បម្រើឲ្យវិស័យសន្ដិសុខ បម្រើកិច្ចការពារនៅមានបណ្ដាក្រុមហ៊ុនមួយចំនួន ប៉ុន្តែនៅមានក្រុមហ៊ុនសន្តិសុខមួយចំនួនទៀត ប្រព្រឹត្តផ្ទុយពីច្បាប់ ដោយមានខ្លះចាប់ឃាត់មនុស្ស ដោយខុសច្បាប់ មិនព្រមរាយការណ៍មកសមត្ថកិច្ច និងប្រព្រឹត្តផ្ទុយនឹងច្បាប់។
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងពិធីបិទវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជនជាលើកដំបូង លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបន្តថា បច្ចុប្បន្ននេះដឹងហើយថា វិស័យសន្ដិសុខឯកជនទាំង២ប្រភេទនេះ សរុបជារួមមាន ប្រមាណជាង២ពាន់ក្រុមហ៊ុន ហើយគិតជាកម្លាំងសន្ដិសុខឯកជន មានប្រមាណជិត៤ម៉ឺននាក់ បើប្រៀបធៀបទៅនឹងកម្លាំងនគរបាលទូទាំងប្រទេស មានប្រមាណក្នុងរង្វង់៧០ភាគរយ។ ក្រុមហ៊ុនសន្ដិសុខទាំងអស់នេះ បានចូលរួមចំណែកការពារសន្ដិសុខនៅតាមបណ្ដាមូលដ្ឋាន និងការពារសហគ្រាសលើវិស័យនានាដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មជាដើម ប៉ុន្ដែកន្លងមកសន្ដិសុខឯកជន នៅមិនទាន់មានសមត្ថភាព វិជ្ជាជីវៈ និងក្រមសិល្បធម៌ច្បាស់លាស់នៅឡើយទេ ទើបនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានផ្ដួចផ្ដើមគំនិតរៀបចំវគ្គបំប៉នជំនាញ ដ៏មានសារសំខាន់នេះឡើយ។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនសន្ដិសុខឯកជនជាង២.០០០ក្រុមហ៊ុន ហើយមានកម្លាំងប្រមាណ៤០.០០០នាក់ ស្នើ៧០ភាគរយ នៃកម្លាំងនគរបាលជាតិ សម្រាប់បម្រើឲ្យវិស័យសន្ដិសុខ បម្រើកិច្ចការពារ នៅតាមសហគ្រាសបម្រើសេវាកម្មផ្សេងៗ ។
នាយឧត្ដមសេនីយ៍ អះអាងទៀតថា ៖ “នៅមានបណ្ដាក្រុមហ៊ុនមួយចំនួន ប្រព្រឹត្តផ្ទុយពីច្បាប់ផងដែរ ដោយមានខ្លះចាប់ឃាត់មនុស្ស ដោយខុសច្បាប់ មិនព្រមរាយការណ៍មកសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ហើយជាពិសេសក្រុមហ៊ុនដែលមិនបម្រើសេវាកម្ម ពោលក្រុមហ៊ុនការពារផ្ទះនៅតាមបុរី ដែលមិនស្រូលដល់កិច្ចការរដ្ឋបាលរបស់សមត្ថកិច្ច”។
នាយឧត្តមសេនីយ៍ បញ្ជាក់ទៀតថា ៖ ចាប់ពីពេលនេះទៅ ប្រសិនបើក្រុមហ៊ុនណា ដែលនៅតែរឹងទទឹង មិនព្រមសហការជាមួយសមត្ថកិច្ច នោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ និងដកអាជ្ញាប័ណ្ណភ្លាមៗមិនឲ្យធ្វើអាជីវកម្មតែម្ដង។ “ខ្ញុំសូមថា ចាប់ពីពេលនេះទៅ យើងមិនត្រូវទុកឲ្យមានសកម្មភាពបែបនេះតទៅទៀតទេ ហើយបើក្រុមហ៊ុនណាដែលប្រព្រឹត្តផ្ទុយពីច្បាប់ យើងតែអនុវត្តតាមវិធានការណ៍ច្បាប់ឲ្យបានតឹងរឹង ហើយមុនគេត្រូវតែដកនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្ម លែងឲ្យធ្វើអាជីវកម្ម បន្ទាប់មកអនុវត្តតាមត្រឹមត្រូវតាមវិធានការណ៍ច្បាប់” នេះបើតាមអគ្គស្នងការរងនគរបាលបញ្ជាក់យ៉ាងដូច្នេះ៕ ដោយ៖បញ្ញាស័ក្តិ