ប៉ូលីសនៅក្នុងប្រទេសថៃ ឥឡូវនេះ បានសម្រេចធ្វើការចោទប្រកាន់ទៅលើស្រីស្អាតម្នាក់ ដែលបានរាយការណ៍កាលពីថ្ងៃពុធ ដោយអះអាងថា នាងត្រូវបានវាយប្រហារ និងប្លន់យកទ្រព្យសម្បត្តិ ដោយអ្នករត់តាក់ស៊ីម្នាក់នៅវេលាទៀបភ្លឺថ្ងៃនោះ ហើយព័ត៌មានរបស់នាងបង្កការភ្ញាក់ផ្អើលកក្រើកបណ្តាញសង្គមនៅក្នុងប្រទេសថៃ ។
យោងតាមប៉ូលីស ស្ត្រីម្នាក់ឈ្មោះថា Tongprakai Suksriraj អាយុ ២៦ ឆ្នាំ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ប៉ូលីស នាវេលាម៉ោង ៣ និង ៤៥ នាទី ទៀបភ្លឺថ្ងៃទី២១ កុម្ភៈ ។ នាងបាននិយាយថា កាបូបដៃរបស់នាងត្រូវបានអ្នករត់តាក់ស៊ីម្នាក់ប្លន់យក ដែលមានទឹកប្រាក់ទាំងអស់ក្នុងនោះចំនួន ៤៤៥ ដុល្លារ រួមជាមួយកាត ATM និងអត្តសញ្ញាណបណ្ណរបស់នាងផងដែរ ។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវប្រសព្វ Nida ខណៈ Tongprakai បានកំពុងធ្វើដំណើរតាមតាកស៊ីមួយ ទៅកាន់ខុនដូររបស់នាងវិញ នៅ Seri Thai បន្ទាប់ពីចេញកន្លែងកំសាន្តមួយ ។ ហើយនាងបានមកកាន់ប៉ុស្តិ៍ប៉ូលីស ជាមួយរបួសនៅត្រង់ដៃ និងផ្ទៃ ពោរពេញទៅដោយឈាមជោគជាំតែម្តង ។
ទោះយ៉ាងណា តាមរយៈវីដេអូពីកាមេរ៉ាសន្តិសុខបំពាក់តាមដងផ្លូវ បានបង្ហាញថា នាងពិតជាបានធ្វើដំណើរតាមតាក់ស៊ីទៅកាន់ផ្ទះរបស់នាងមែន ប៉ុន្តែ នាងមិនបានឈប់នៅផ្លូវប្រសប់ណាមួយនោះទេ ឬ សូម្បី ចុះចេញពីតាក់ស៊ី ដើម្បីទៅដកលុយ ដូចអ្វីដែលនាងបានអះអាងនៅក្នុងសក្ខីសកម្មរបស់នាងនោះទេ ។
ចំណែកកាមេរ៉ាពីសន្តិសុខពីខុនដូ ក៏បានបង្ហាញ Thongprakai ចូលក្នុងអគារតែម្នាក់ឯង ។ ទោះយ៉ាងណា ៣០ នាទីក្រោយមក នាងបានចេញមកក្រៅ ដោយអមដំណើរដោយមិត្តភក្តិម្នាក់ ។
ទីបំផុត! Thongprakai បានសារភាពក្នុងអំឡុងពេលសាកសួរចម្លើយថា មុខរបួសរបស់នាង គឺបង្កឲ្យឈឺចាប់ដោយរូបនាងផ្ទាល់ប៉ុណ្ណោះឯង ។
នាងបានប្រាប់អ្នកសារព័ត៌មានថា៖ «របួសទាំងនោះ គឺខ្ញុំយកឡាមមកឆូតដោយខ្លួនឯងខ្ញុំប៉ុណ្ណោះ ។ ខ្ញុំធ្វើបែបនេះដោយសារតែរងសម្ពាធផ្លូវចិត្តខ្លាំងពេក» ។
នាងក៏បានបញ្ជាក់ត្រង់ៗថា៖ «ខ្ញុំបានទៅដាក់ពាក្យប្តឹង ក៏ព្រោះតែដោយសារមិត្តភក្តិស្រីរបស់ខ្ញុំឲ្យទៅ ព្រោះនាងមានការព្រួយបារម្ភអំពីខ្ញុំ ដោយនាងបានគិតថា រឿងរបស់ខ្ញុំនេះ គឺជាការពិត, ដូច្នេះ បញ្ហាពុំអាចគ្រប់គ្រងបាន» ។
ទន្ទឹមនេះផងដែរ នាងសូមលើកដៃសំពះ និងនិយាយថា៖ «ខ្ញុំសូមផ្តល់ការអភ័យទោស ពីបងប្អូនជាអ្នករត់តាក់ស៊ីទាំងអស់ ចំពោះទង្វើដែលខ្ញុំបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ពួកគាត់ផង» ។
ទោះយ៉ាងណា Thongprakai នឹងប្រឈមបទចោទប្រកាន់ ២ ករណី ដែលក្នុងនោះការចេញរបាយការណ៍ក្លែងក្លាយដល់អាជ្ញាធរ ដែលត្រូវប្រឈមមុខជាប់ពន្ធនាគារ ៣ ឆ្នាំ និងពិន័យប្រាក់ ៥,០០០ បាត ។ រីឯមួយករណីនេះទៀត ចោទប្រកាន់រំលោភបំពានច្បាប់កុំព្យូទ័រ ក្នុងការផុសព័ត៌មានក្លែងក្លាយ បន្ទាប់ពីបានផុសកុហកអំពីថានាងត្រូវបានចោរប្លន់នៅលើហ្វេសប៊ុករបស់នាង ហើយបើតាមការចោទប្រកាន់ នោះនាងត្រូវប្រឈមជាប់ពន្ធនាគារ ៥ ឆ្នាំ និងពិន័យប្រាក់ ១០០,០០០ បាត ៕ ចន្ទី