Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីសុខាភិបាល ៖ កម្ពុជាត្រូវលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ក្នុងឆ្នាំ២០២៥

សៀមរាប ៖ “ការយកចិត្តទុកដាក់ផ្តល់ការព្យាបាលជំងឺគ្រុនចាញ់ដោយធ្វើតេស្តរកជំងឺគ្រុនចាញ់លើក្រុមប្រជា​ជនប្រឈម​ តំបន់ដែលមានអ្នកជំងឺគ្រុនចាញ់​ច្រើន និងផ្តល់ថ្នាំគ្រុនចាញ់ព្យាបាលភ្លាមៗតែម្តងពេលធ្វើតេស្តឃើញ​ភ្លាម គឺជាគំនិតផ្តួចផ្តើមថ្មី”នេះជាអនុសាសន៍ដ៏មានសក្តានុពលរបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​។

ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល​ ត្រូវបានបិទបញ្ចប់នារសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសណ្ឋាគារ អេមព្រីស អង្គរខេត្តសៀមរាប។

ជាកិច្ចចាប់ផ្តើម​ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានគូសបញ្ជាក់ថា​ អត្រាស្លាប់ដោយជំងឺគ្រុនចាញ់បានថយចុះយ៉ាងខ្លាំងគឺមានតែ១នាក់ក្នុងឆ្នាំ២០១៧ តែចំនួនអ្នកឈឺនៅមានចំនួនច្រើន​ ដែលត្រូវផ្តោតការយកចិត្តទុកដាក់ផ្តល់ការធ្វើតេស្តរកជំងឺគ្រុនចាញ់លើក្រុមប្រជាជនប្រឈមនិងផ្តល់ថ្នាំគ្រុនចាញ់ព្យាបាលភ្លាមៗតែម្តងពេលធ្វើតេស្តឃើញ​ គឺជាគំនិតផ្តួចផ្តើមថ្មីនិងអនុសាសន៌ដ៏មានអត្ថប្រយោជន៍បំផុតសម្រាប់ប្រជាជនកម្ពុជា។

លោក ម៉ម​ ប៊ុនហេង​ បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្តដែលមានចំនួនអ្នកឈឺគ្រុនចាញ់ច្រើន​ ដូចជាខេត្តកំពង់ស្ពឺ​ មណ្ឌលគីរី​ រតនគីរី​ ពោធិសាត់​ ក្រចេះ​ ត្រូវអនុវត្តផ្តល់កាធ្វើតេស្តរកជំងឺគ្រុនចាញ់ជូនដល់ប្រជាជនដែលប្រឈមខ្ពស់នឹងតំបន់ដែលមានជំងឺគ្រុនចាញ់​ខ្ពស់​ ដោយផ្តល់ថ្នាំគ្រុនចាញ់ជូនភ្លាមៗ​ ប្រសិនបើមានគ្រុនចាញ់​ (test and treat) ដោយមិនបង្អែរបង្អង់យូរឡើយ។ ធ្វើយ៉ាងដូច្នេះ​ ទើបអាចជំរុញការកាត់បន្ថយបានលឿននូវចំនួនអ្នកឈឺ។ ទន្ទឹមនឹងនេះ​ លោករដ្ឋមន្ត្រីបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងមន្ទីរសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវលទ្ធផលល្អគួរជាទីមោទនៈ នាឆ្នាំ២០១៧កន្លងមក របស់កម្មវិធីជាតិទាំងបី (កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន) ដែលបានធ្វើឲ្យអត្រាស្លាប់ដោយជំងឺគ្រុនចាញ់បានចុះទាបជាងសូចនាករផែនការលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២០ ចំណែកឯ អត្រាអាំងស៊ីដង់ និងអត្រាស្លាប់នៃជំងឺគ្រុនឈាម ក៏ស្ថិតនៅទាបជាងសូចនាករគ្រោងសំរាប់ឆ្នាំ២០១៧ ដោយឡែកការផ្តល់ថ្នាំទម្លាក់ព្រូនជាសមូហភាពដល់ក្រុមគោលដៅ បានជាង៥លាននាក់។ ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានរំលឹកពីជោគជ័យដ៏គួរឲ្យស្ញប់ស្ញែងនាពេលថ្មីៗកន្លងមកនេះ ដែលក្រសួងសុខាភិបាល ទទួលបានការទទួលស្គាល​ពីអង្គការសុខភាពពិភពលោកក្នុងការលុបបំបាត់បានជំងឺព្រូនអំបោះ ឬជំងឺជើងដំរី ចេញពីបញ្ហាសុខភាពសាធារណៈនៅកម្ពុជាចាប់ពីចុងឆ្នាំ២០១៦។

ឆ្លៀតក្នុងឱកាសនេះផងដែរ​ លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញអង្គការដៃគូសុខាភិបាលដែលជាម្ចាស់ជំនួយប្រញ៉ាប់ចុះអនុស្សរណៈយោគយល់គ្នាទៅវិញទៅមក​ ជាមួយមន្ទីរសុខាភិបាលខេត្តឲ្យបានឆាប់បំផុត​ ដើម្បីថ្នាក់ខេត្តទទួលបានថវិកាអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់បានរហ័សផងដែរ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា ចំពោះខេត្តដែលមានតំបន់មានករណីគ្រុនចាញ់ច្រើន​ ត្រូវបង្កើនសកម្មភាពរុករកស្រាវជ្រាវនិងព្យាបាលទ្វេរដង​។ ចំពោះជំងឺគ្រុនឈាម លោកបានក្រើនរំលឹកដល់ថ្នាក់ខេត្តឲ្យចុះធ្វើការដាក់អាបេត និងអប់រំសុខភាពដល់សហគមន៍ឲ្យបានទាន់ពេលវេលា។

ការសហការគ្នាល្អពីគ្រប់ភាគីពាក់ព័ន្ធ​ និងដៃគូសុខាភិបាលជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់និងមន្ទីរសុខាភិបាលខេត្ត​ គឺជាការចាំបាច់ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល ពិសេសគឺក្នុងដំណាក់កាលដំបូង ត្រូវលុបបំបាត់ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមនាឆ្នាំ២០២០ ព្រមទាំងខិតខំទប់ស្កាត់ការរាតត្បាតរបស់ជំងឺគ្រុនឈាមបានទាន់ពេលវេលា និងរក្សា និងពង្រីកអត្រាគ្របដណ្តប់ការផ្តល់ថ្នាំទម្លាក់ព្រូនជាសមូហភាព ឱ្យនៅខ្ពស់លើសពី ៩០%៕ ដោយ ៖ បញ្ញាស័ក្តិ

×