ដូចដែលប្រិយមិត្តបានដឹងថា កាលពីពេលថ្មីៗនេះ មានគ្រូៗយ៉ាងច្រើនបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លានៅលើបណ្តាញសង្គម ក្រោយលោក អាចារ្យ A នាយកវិទ្យុ ABC បានប្រើប្រាស់សម្តីដ៏អាក្រក់ៗទៅលើគ្រូ ដែលផ្តើមចេញពីទង្វើររបស់គ្រូបប្រៀននៅសាលាសន្ធរម៉ុក ដែលបានយកលុយពីកូនសិស្ស១ខែ ៦ ម៉ឺនរៀល។
ការប្រើប្រាស់សម្តីហាក់ធ្ងន់ៗរបស់លោក អាចារ្យ A ដែលបានធ្វើឲ្យគ្រូៗកំពុងផ្ទុះប្រតិកម្មតៗគ្នា ដោយបានចោទប្រកាន់ថា អាចារ្យ A បានជេរប្រមាថគ្រូទូទាំងប្រទេស និងក៏ជាសម្តីបង្កការញុះញង់ឲ្យរើសអើង និងស្អប់គ្រូ ដោយក្នុងនោះអាចារ្យ A បាននិយាយបែបនេះថា៖ គ្រូបង្រៀនសិស្សឲ្យស្អប់គណបក្សប្រជាជនតាំងពីដើមមក, គ្រូមានតួនាទីផឹកស្រា (ផឹកស្រាជាមួយសិស្ស), គ្រូលេងតែ fb អត់បង្រៀនសិស្សសោះ, គ្រូហ្នឹងធំចុយម្រាយហើយ ជាពិសេសតាមស្រុកស្រែ មានអំណាចគ្មានអាណាធំដល់, គ្រូហ្នឹងស៊ីប្រាក់ខែច្រើនជាងប៉ូលីស ទាហាន ប៉េអឹម ដែលធ្វើការពេញ ២៤ ម៉ោង ចំណែកគ្រូវិញមួយឆ្នាំធ្វើការតែ៥ខែ បើបឋមវិញ មួយថ្ងៃបង្រៀនតែកន្លះពេលប៉ុណ្ណោះ, គ្រូហ្នឹងល្អចុយម្រាយ ទាំងអស់អាក្រក់តែមីមួយហ្នឹងប៉ុណ្ណោះ… និងនៅមានពាក្យធ្ងន់ៗជាច្រើនទៀត ដែលដកស្រង់យកមិនអស់។
តែទោះយ៉ាងណា នៅពេលនេះបុគ្គលិកជាពិធីករ ដែលជាកូនចៅរបស់លោក អាចារ្យ A បានចេញមុខប្រតិកម្មតបទៅនឹងគ្រូៗទាំងនោះវិញ។ ក្នុងនោះ ពួកគេបានទទួលស្គាល់ថាអាចារ្យ A ពិតជាបានប្រើប្រាស់សម្តីពិបាកនឹងទទួលយកបានមែន ប៉ុន្តែ បានអះអាងថា អាចារ្យ A ប្រើសម្តីធ្ងន់ៗបែបនេះ គឺចង់សំដៅទៅលើបុគ្គលដែលខូចប៉ុណ្ណោះ មិនវាយប្រហារទៅលើគ្រូៗទាំង១២ម៉ឺននាក់នោះទេ បើយើងជាគ្រូល្អ សូមកុំយករឿងនេះមកដាក់ខ្លួន ហើយក៏សូមបញ្ជាក់ឲ្យច្បាស់ថា ចេញមកនិយាយបែបនេះ គឺមិនមែនកាន់ជើង ឬ កាពារលោកអាចារ្យ A នោះឡើយ។ ពិធីការិនីអ្នកនាង បូរ៉ា ក៏បានទម្លាយចេញពីទង្វើខូចរបស់គ្រូចាំមិនភ្លេច ដែលខ្លួនបានឆ្លងកាត់ថា រឿងគ្រូឲ្យសិស្សបង់លុយប្រចាំថ្ងៃ ៥០០៛ មិនមែនទើបកើតមានឥឡូវនេះទេ គឺមានតាំងពី៣០ឆ្នាំមុនម្ល៉េះ។ ក្នុងនោះ គ្រូបឋមរបស់អ្នកនាង បានគំរាមឲ្យទិញនំចំណីតែរបស់អ្នកគ្រូនៅក្នុងថ្នាក់ប៉ុណ្ណោះ បើហ៊ានទិញខាងក្រៅ ឃើញនឹងដកពិន្ទុ។ ហើយនៅពេលឡើងមកដល់ថ្នាក់វិទ្យាល័យវិញ គឺថាមេរៀន អត់ព្រមសរសេរនៅលើក្តារខៀនឲ្យកូនសិស្សកត់តាមទេ គឺទៅ Copy យកមកលក់ ៤០០៛ ៥០០៛ ឬ ១ពាន់ ២ពាន់ យកទៅកឹបចូលសៀវភៅ មិនបាច់ចម្លងទេ យូរៗលែងចេះសរសេរអស់ហើយ។ ហើយពេលឆាកមេរៀន កែអាណាទិញពិន្ទុរៀងគ្រាន់បើ អាណាអត់ឃើញអត់មានពិន្ទុ។
អ្នកនាង បូរ៉ា នៅបានទម្លាយចេញឲ្យដឹងទៀតថា ដល់ពេលជិតប្រលងប្រចាំខែ Copy ប្រ៊ីយ៉ុងលក់ឲ្យឯងទៀត ហើយគ្រូបានដាក់ទំនាយថាអាណាអត់ទិញក្រដាសអាញ់ៗ ឲ្យធ្លាក់ទាំងអស់…។
ជុំវិញរឿងដ៏ក្តៅគគុកនេះ លោកគ្រូម្នាក់មកពីសាលាវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បាននិយាយតាមទូរស័ព្ទមកថា សូមគ្រូៗទាំងអស់ កុំអាលប្រតិកម្ម ព្រោះថាគ្រូៗយើងមួយចំនួន គឺនៅតែខូចដែរ ហើយបើខ្លួនមិនពាក់ព័ន្ធទេ សូមនៅស្ងៀមស្ងាត់ ទុកឲ្យគេធ្វើការទៅលើបុគ្គលហ្នឹងដែលបានប្រព្រឹត្តអំពើពុករលួយ ដែលសង្គមកំពុងលុបបំបាត់។
ចំណែកគ្រូម្នាក់ឈ្មោះ វេង សុភ័ក្រ្ត ចូលមកបានខមិនថា «ខ្ញុំយល់ពីបំណង ABC សម្រាប់ខ្ញុំៗ មិនទំនេរទៅកូដកម្មស្អីនោះទេ សុខចិត្តយកពេលរកវិធីសាស្រ្តបង្រៀនសិស្ស ពីមួយថ្ងៃទៅមួយថ្ងៃរកពេលដេកពុំបានផង រឿងលុយកាក់អ្នកណាក៏ចង់បានដែរ តែក្នុងនាមជាគ្រូបង្រៀនតូចទាបម្នាក់ ខ្ញុំសន្យានឹងខ្លួនឯងច្បាស់ថា គោរពក្រមសិលធម៌ វិជ្ជាជីវៈជាគ្រូបង្រៀន ទោះបីវាហត់ត្រូវជិះម៉ូតូ១២គីឡូទៅមកៗ ក៏ខ្ញុំមិនដែលសោកស្តាយ ព្រោះវាជាតួនាទីខ្ញុំហើយ គ្រប់យ៉ាងគឺដើម្បីកសាងធនធានជំនាន់ក្រោយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង