ក្នុងជំនួបពិភាក្សាការងារជាមួយសមាគម ខ្មែរ-ចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កម្ពុជាមិនរើសអើងអ្នកវិនិយោគិនទេ គឺបងប្អូនអាចលទ្ធភាពចាប់ដៃគូរកស៊ីជាមួយប្រទេសណាក៏បាន រួមទាំងតៃវ៉ាន់ផងដែរ។ ប៉ុន្តែកម្ពុជាទទួលស្គាល់តែប្រទេសចិន និងនយោបាយតែមួយ។
នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល នឹងជួបពិភាក្សាការងារជាមួយ សមាគមខ្មែរ-ចិន ដែលដឹកនាំដោយ លោកឧកញ៉ា ពង់ ឃាវសែ។
សម្តេចតេជោ មានមោទនភាពដែលបានប្រើប្រាស់អគាររដ្ឋាភិបាលក្នុងការរៀបចំកិច្ចប្រជុំជាច្រើនទាំងក្នុងកម្រិតជាតិ និងអន្តរជាតិនានា រួមទាំងកិច្ចប្រជុំថ្ងៃនេះផងដែរ។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា សេដ្ឋកិច្ចជាតិយើងរឹងមាំដោយសារស្ថិរភាពនយោបាយរឹងមាំ នឹងដោយសារការចូលរួមពីសំណាក់អ្នកវិនិយោគទុនក្នុងប្រទេស។
សព្វថ្ងៃនេះ សមាគមខ្មែរ-ចិន នៅកម្ពុជា ដែលក្នុងនោះមានគណៈអចិន្ត្រៃយ៍១៨រូប និងសមាជិក៥០រូប ដែលមានទិសដៅចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជារួមទាំងសេដ្ឋកិច្ច សង្គមកិច្ច និងការងារផ្សេងៗដទៃទៀត។ ជាពិសេសនោះ គឺចូលរួមចំណែកលើកស្ទួយវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ លោកឧកញ៉ា ពង់ ឃាវសែ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរអំពីប្រវត្តិជនជាតិចិន មកកាន់កម្ពុជា នៅអំឡុងឆ្នាំ១៩២០ ដល់ឆ្នាំ១៩៤០ ដែលមកដល់ពេលនេះគឺបានប្រមូលផ្តុំគ្នាក្លាយជាសមាជិក សមាគមខ្មែរ-ចិនថ្ងៃនេះ។
លោកប្រធានក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលបានរំដោះប្រទេសអោយផុតពីរបបប្រល័យពូជសាសន៍ នឹងបានកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ សម្តេចតេជោ តែងតែបង្កល្ខណៈងាយស្រួល នឹងលើកទឹកចិត្តដល់អ្នកវិនិយោគទុនអោយមានឱកាសក្នុងការវិនិយោគនៅក្នុងប្រទេស។ ដល់ប្រទេសកម្ពុជា ក៏ប្រឹងប្រែងរកស៊ីរហូតមានជីវភាពធូរធា។
លោកបានរំលឹកឡើងវិញថា តែជាការសោកស្តាយសមិទ្ធផលដែលបងប្អូនប្រជាពលរដ្ឋចិនខិតខំរកបានមកដោយលំបាកនេះ ត្រូវបានបំផ្លាញចោលខ្ទេចខ្ទីនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំចលនាតស៊ូរំដោះប្រទេសចេញពីរបបវាលពិឃាត ប៉ុល ពត បានគូសបញ្ជាក់ថា ក្រោយពេលប្រទេសត្រូវបានរំដោះ និងស្រោចស្រង់ជាថ្មីនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក៏បានផ្តល់ឱកាសឲ្យបងបង្អូនចិននៅកម្ពុជា បានរកស៊ីមានបានជាថ្មី រហូតមកដល់ពេលបច្ចុប្បន្ននេះ។ក្នុងន័យនេះសម្តេចតេជោ បានរំលឹកដល់សមាគមខ្មែរ-ចិន ត្រូវយល់ឲ្យច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវរួមគ្នាថែរក្សាឲ្យបាននូវសមិទ្ធផលទាំងអស់នេះ មិនត្រូវឲ្យមានការបំផ្លិចបំផ្លាញទៀតនោះឡើយ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ពង់ ឃាវសែ និងសមាជិកសមាជិការ សមាគមខ្មែរចិនទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព វិនិយោគ ដែលបានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីដល់សមាគមថា កម្ពុជាមិនរើសអើងអ្នកវិនិយោគិនទេ គឺបងប្អូនអាចលទ្ធភាពចាប់ដៃគូរកស៊ីជាមួយប្រទេសណាក៏បាន រួមទាំងតៃវ៉ាន់ផងដែរ។ ប៉ុន្តែកម្ពុជាទទួលស្គាល់តែប្រទេសចិន និងនយោបាយតែមួយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានទិសដៅក្នុងការជួយពង្រឹងពាណិជ្ជករ និងអ្នវិនិយោគគិនក្នុងស្រុក អោយមានឱកាសកាន់តែច្រើនក្នុងការរកស៊ីទទួលទានតូចធំ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនជឿនលឿនទៅមុខ៕ ដោយ៖បញ្ញាស័ក្តិ