ទង្វើរលោភលន់ ចង់បានឥតខ្មាសញាតិរបស់ឪពុកក្មេក ម្តាយក្មេកមួយ បានកំពុងបង្កឲ្យមានការហួសចិត្ត និងក៏ដូចការស្អប់ខ្ពើមជាខ្លាំង ពីសំណាក់បងប្អូននៅលើបណ្តាញសង្គម ក្រោយពីម្តាយក្មេក ឪពុកក្មេករូបនោះ បានធ្វើប្លង់យកដីពីកូនប្រសាស្រីវិញ បន្ទាប់ពីកូនប្រុសបង្កើតរបស់ខ្លួនបានទទួលមរណភាព។
ទាក់ទងនឹងរឿងដ៏មហាហួសចិត្ត និងប្រហែលទើបមានតែមួយនៅលើលោកនេះផងដែរ ក្នុងនោះឯកឧត្តម ដួង ដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលតែងចុះជួយ និងអន្តរាគមន៍នូវរឿងអយុត្តិធម៌ជាច្រើនរាប់មិនអស់ ដែលបានកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋ បានជម្រាបជូនរឿងរ៉ាវខាងលើនេះ ដើម្បីឲ្យមហាជនបានដឹងយ៉ាងដូច្នេះថា៖ «រឿងរ៉ាវដ៏កំសត់មួយកើតឡើងចំពោះប្អូនស្រី ទូច កញ្ចនា អាយុ៣១ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក និងមានមុខរបរជាជាងកាត់ដេរ។ ប្អូនស្រីបានរៀបការជាមួយប្តីឈ្មោះ ឡៃ វិរៈ កាលពីឆ្នាំ ២០១១ មានមុខរបរជាងជួសជុលរថយន្ត ជាអកុសលប្តីប្អូនស្រីបានទទួលមរណភាពដោយសារជម្ងឺគាំងបេះដូង កាលពីឆ្នាំ ២០១៧។ មុនពេលមរណៈភាព ពីរនាក់ប្តីប្រពន្ធបានខិតខំរកសុីសន្សំប្រាក់បានមួយចំនួនហើយបានទិញដីមួយកន្លែងទំហំ១៧ម x ៥៧.៣០ម ស្ថិតនៅភូមិអូលើ ឃុំមេសរជ្រៃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម (លេខរៀងក្នុងបញ្ជី ៣៥៨)។ ក្នុងពេលទិញដីនោះ ពីរនាក់ប្តីប្រពន្ធបានខ្ចីលុយឪពុកម្តាយក្មេក (ឪពុកម្តាយរបស់ប្តី) មួយចំនួន ហើយបន្ទាប់មកក៏បានសងគាត់គ្រប់ចំនួនវិញអស់ហើយដែរ។ ថ្លៃទិញដីសរុបមានចំនួនជាង៦ពាន់ដុល្លារ ហើយពេលនោះឪពុកម្តាយក្មេកក៏បានជួយលុយមួយចំនួនតូចដើម្បីបង្គ្រប់ថ្លៃទិញដីឲ្យកូនបានរស់នៅក្រោយពេលរៀបការ។
ក្រោយពីប្តីស្លាប់ទៅ ឪពុកម្តាយក្មេកក៏បានមកទាមទារយកដីនោះពីកូនប្រសាវិញ ដោយអះអាងថាជាដីគាត់បានទិញយូរហើយ ដោយបានបញ្ជាក់ថាគាត់មានប្លង់រឹងទៀតផង(ធ្វើតាំងពីឆ្នាំ២០១៥) ទើបធ្វើឲ្យមានវិវាទកើតមានឡើងរវាងកូនប្រសាស្រី និងឪពុកម្តាយក្មេកហើយបានក្តីក្តាំគ្នាតាមផ្លូវតុលាការមកដល់ពេលនេះ។
ក្នុងលិខិតទិញដីគឺដាក់ឈ្មោះប្តី ឡៃ វិរៈ និង បងស្រី ឡៃ ធីតា (មិនមានឈ្មោះប្រពន្ធ)។ ពេលនោះឪពុកម្តាយក្មេកជាអ្នករក្សាទុកក្រដាសស្នាមទិញលក់នៅគាត់។ លោកមេឃុំមេសរជ្រៃក៏បានចេញលិខិតបញ្ជាក់ទិញដីថាពិតជាដីរបស់កូនប្រាកដមែន។ ទន្ទឹមនឹងនោះដែរ លោកមេភូមិអូលើ ឈ្មោះ វ៉ាន វី និង លោកមេឃុំមេសរជ្រៃឈ្មោះ ប៊ីន ថៃលាង និងសាក្សី១០នាក់ទៀតក៏បានបញ្ជាក់អះអាងថា ទូច កញ្ចនា ពិតជាប្រពន្ធ ដែលបានរស់នៅជាមួយប្តីលើដីក្នុងអាសយដ្ឋានខាងលើពិតប្រាកដអស់រយៈពេល៦ឆ្នាំ (២០១១-២០១៧) ពិតប្រាកដមែន។ ដោយភាពទាល់ច្រកខ្លាចបាត់បង់ទីកន្លែងជ្រកកោនសម្រាប់ខ្លួន និងកូនៗ កាលពីថ្ងៃទី ១៤ កញ្ញា ២០២០ ប្អូនស្រី ទូច កញ្ចនា បានដាក់ពាក្យគោរពសុំសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាជួយផ្តល់យុត្តិធម៌ដល់រូបគាត់និងកូនតូចៗទាំង២។
រឿងរ៉ាវក្តីក្តាំនេះពិតជាគួរឲ្យសង្វេគណាស់ ព្រោះជីវិតក្មេងៗ២នាក់ដែលឪពុកស្លាប់បាត់ទៅ ត្រូវនៅក្នុងបន្ទុកម្តាយមេម៉ាយចិញ្ចឹមបីបាច់ថែរក្សា ហើយពេលនេះកំពុងប្រឈមនឹងក្តីក្តាំជាមួយជីដូនជីតានិងជាឪពុកម្តាយក្មេក។ បើឈ្នះក្តី គឺនឹងមានដំបូលស្នាក់នៅបន្តជាមួយម៉ែកូនទាំង២តទៅទៀត ប៉ុន្តែបើចាញ់ក្តីគឺនឹងត្រូវប្រឈមនឹងបាត់បង់ទីកន្លែងជ្រកកោន និងអត់ផ្ទះសម្បែងស្នាក់នៅ រួមទាំងបញ្ហាមួយចំនួនធំទៀត។
ពេលនេះ តុលាការកំពូលបានស្តាប់ហេតុផលគ្រប់យ៉ាង រួមទាំងទទួលស្គាល់ថាប្តីប្រពន្ធជាអ្នកទិញពិតប្រាកដ។ តុលាការកំពូលក៏បានបញ្ជូនសំណុំរឿងនេះទៅឧទ្ធរណ៍ឲ្យកាត់ក្តីឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ត្រឹមត្រូវជូនពលរដ្ឋរងគ្រោះពិតប្រាកដ។ សង្ឃឹមថាប្អូនស្រីនិងកូនទាំង២ នឹងទទួលបានយុត្តិធម៌ពិតប្រាកដនាពេលដ៏ខ្លីខាងមុខ។ សច្ចធម៌ យុត្តិធម៌ និងមេត្តាធម៌ ត្រូវដើរទន្ទឹមគ្នា ទើបពលរដ្ឋអាចរស់នៅប្រកបដោយសេចក្តីសុខ ក្រោមដំបូលសន្តិភាព។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។»
ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានសម្តែងការស្អប់ខ្ពើមជាខ្លាំង ដោយក្នុងនោះគេក៏ដាក់ឲ្យឪពុកក្មេកម្តាយក្មេងនោះបែបៗនេះថា៖ «ងាប់ទៅទូលដីហើយ ចង់បានរបស់គេអត់ខ្មាស កញ្ចាស់អស់ហើយ អត់គិតវត្តទេ គិតតែលោភលន់, ធ្វើជាយាយតាគេយ៉ាងម៉េច មិនគិតដល់ចៅសោះ លោភយកទៅណា ងាប់តែឥឡូវហើយហ្នឹង មិនគិតធ្វើបុណ្យទេ គិតតែសាងបាបនរកសុទ្ធហ្មង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង