Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ិត សំហេង ៖ រាជរដ្ឋាភិបាល បង្កើត​គណៈ​វិស្វករ​កម្ពុជា ដើម្បី​ការពារ​កិត្តិយស​សេចក្តីថ្លៃថ្នូ​រដល់​វិស្វករ និង​រួមចំណែក​ថែរក្សា​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ​

​ភ្នំពេញ ៖ លោក អ៊ិត សំហេង លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈ​វិស្វករ​កម្ពុជា​ឡើង ដើម្បី​ប្រមូលផ្តុំ​និង​គ្រប់គ្រង​វិស្វករ​ទូទាំង​ប្រទេស​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា ដើម្បី​អប់រំ​បណ្តុះបណ្តាល​បង្កើន​សមត្ថ​ភាព​បច្ចេកទេស គ្រប់​មុខ​ជំនាញ​វិជ្ជាជីវៈ​វិស្វកម្ម​ឲ្យមាន​គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាពប្រកប ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដែល​ធ្វើឲ្យ​វិជ្ជាជី​វៈវិស្វកម្ម​កាន់តែ​ល្អ ដើម្បី​ការពារ​កិត្តិយស​សេចក្តីថ្លៃថ្នូ​រដល់​វិស្វករ និង​រួមចំណែក​ថែរក្សា​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​មានប្រសាសន៍​លើកឡើង​បែប​នេះ នា​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង​ជាមួយ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា នា​ថ្ងៃ ចន្ទ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ​។

​លោក បញ្ជាក់ថា វិស្វករ​គ្រប់​មុខ​ជំនាញ​វិជ្ជាជីវៈ​វិស្វកម្ម ត្រូវតែ​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា ដែល​ជា​បុព្វ​លក្ខខ័ណ្ឌ ព្រោះ​បើ​មិន​មក​ចុះបញ្ជី បានន័យថា​វិស្វករ​នោះ​មិន​អាច​ទទួល​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ វិស្វករ​អាស៊ាន និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​បានទេ ព្រោះ​មាន​តែ​ស្ថាប័ន​គណៈ​វិស្វករ​កម្ពុជា​នេះ​ទេ ដែល​អាច​ផ្តល់​គោរមងារ​ជា​វិស្វករ​អាជីព ដែល​ច្បាប់​ផ្តល់​សិទ្ធិ​ឲ្យ​ជា​ធរមាន​។ ទន្ទឹមនឹងនេះ គណៈ​វិស្វករ​កម្ពុជា​ក៏​ជា​អ្នកវាយតម្លៃ និង​ធ្វើ​បែបបទ​សម្រាប់​ទទួល​គោរមងារ​បន្ថែម​ជា​វិស្វករ​អាស៊ាន និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​បន្ថែមទៀត​។

​ក្នុងពេល​បច្ចុប្បន្ន គណៈ​វិស្វករ​កម្ពុជា​បាន​កែសម្រួល​សមាសភាព​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​ឡើងវិញ​តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២១៧/១២៧៥ ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​មាន​លោក អ៊ិត សំហេង ជា​ប្រធាន និង​អស់លោក អ្នកឧកញ៉ា ជា​អនុប្រធាន និង​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​នៃ​គណៈ​វិស្វករ​កម្ពុជា ហើយ​មាន​តួនាទី​សំខាន់​ដូចខាងក្រោម​៖ ​អនុម័ត​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សកម្មភាព បទបញ្ជាផ្ទៃក្នុង និង​ក្រម​សីលធម៌​របស់​គណៈ​វិស្វករ​កម្ពុជា​​តាម ដាន​ត្រួតពិនិត្យ​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់គណៈ​វិស្វករ​កម្ពុជា​ ផ្តល់​យោបល់​ដល់​អគ្គលេខាធិការដ្ឋានគ​ណៈ​វិស្វករ​កម្ពុជា​​សម្របសម្រួល និង​ដោះស្រាយ​វិវាទ​ផ្សេងៗ​របស់​គណៈ​វិស្វករ​កម្ពុជា​ផ្តល់យោបល់​ក្នុង​ការចុះបញ្ជី​វិស្វករ​អាជីព​ជាតិ និង​អន្តរជាតិ ការលើកទឹកចិត្ត និង​ដាក់ពិន័យ​។​

​លោក រដ្ឋមន្ត្រី​បាន​សំណូមពរ​មួយ​ចំនួន​ដល់​សមាជិក សមាជិកា នៃ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​ដូច​មាន​ខាងក្រោម​៖​ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ក្នុង​ការជួយ​ជំរុញ​ឲ្យ​គណៈ​វិស្វករ​កម្ពុជា​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជួយ​ដោះស្រាយ​នូវ​សំណូមពរ​ចាំបាច់​ទាំងឡាយ​របស់​អង្គភាព​ប្រតិបត្តិ​នេះ ក្នុងនោះ​រួមមាន​៖​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​បញ្ជូន​មន្ត្រី​មាន​បទពិសោធន៍​ខាង​វិស័យ​ជំនាញ​វិស្វកម្ម​មក​ចូលរួម​ក្នុង​សមាសភាព​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា សូមមេត្តា​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការអញ្ជើញ​ចូលរួម​ប្រជុំ​ក្នុង​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា និង​មេត្តា​ជួយ​សម្រួល​ដល់​មន្ត្រី​ទាំងនោះ ដែល​ត្រូវ​ចូលរួម​វាយតម្លៃ​សម្បទា​វិជ្ជាជីវៈ​វិស្វកម្ម​ដល់​បេក្ខជន​វិស្វករ​អាជីព​ជាតិ វិស្វករ​អាស៊ាន និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​-​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ដែល​បញ្ជូន​វិស្វករ​ដើម្បី​បង្កើត​ក្រុមប្រឹក្សា​គណៈ​វិស្វករ​រាជធានី​-​ខេត្ត ត្រូវ​ជ្រើសរើស​វិស្វករ​អាជីព និង​វិស្វករ​ចុះបញ្ជី​ដើម្បី​បង្កើត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​របស់​ខ្លួន (​បញ្ជាក់​កន្លងមក​ខេត្ត​មួយចំនួន​បាន​បញ្ជូន​វិស្វករ​ជា​ប្រធាន អនុប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​គណៈ​វិស្វករ​រាជធានី​-​ខេត្ត ដោយ​វិស្វករ​ទាំងនោះ​ដែល​មិនទាន់​បាន​មក​ចុះបញ្ជី​នៅ​គណៈ វិស្វករ​កម្ពុជា​ផង​)​។

​​ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធានកិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​គណៈ​វិស្វករ​កម្ពុជា និង​ក្នុងនាម​លោក រដ្ឋមន្ត្រី ផ្ទាល់​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ វិស្វករ​កម្ពុជា លោក បាន​កោតសរសើរ​ដល់​គណៈ​វិស្វករ​កម្ពុជា​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន​កន្លង​មក​ប្រកប​ដោយ​ផ្លែផ្កា ក្នុងនោះ​បាន​ទទួល​វិស្វករ​ចុះបញ្ជី​វិស្វករ នៅ​គណៈ​វិស្វករ​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ចំនួនៈ ៣០៤៥​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×