ភ្នំពេញ៖ បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩យ៉ាងក្តី ក៏សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានអះ អាងថា ការផលិតស៊ីម៉ងត៍កម្ពុជា បានកើនឡើង ៧ភាគរយ នាពេលបច្ចុប្បន្ននេះ។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា បើទោះបីជាប្រឈមនឹងស្ថានភាពកូវីដ១៩ ប៉ុន្តែការផលិតស៊ីម៉ងត៍នៅកម្ពុជា ពុំបានធ្លាក់ចុះនោះទេ ផ្ទុយទៅវិញការផលិតស៊ីម៉ងត៍របស់សមាជិក បានកើនឡើងប្រមាណ៧ភាគ នៅឆមាសទី២ នៃឆ្នាំ២០២០ ហើយកំពុងបន្តមានកំណើនបន្តបន្ទាប់ទៀត នៅដើមឆ្នាំ២០២១នេះផងដែរ។
នៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានបើកកិច្ចប្រជុំមួយ ដើម្បីបូកសរុបលទ្ធផលការងារនៃផលិតកម្មរបស់ខ្លួន ក្នុងឆមាសទី២ ឆ្នាំ២០២០ និងពិនិត្យមើលស្ថានភាពផលិតកម្មនៅដើមឆ្នាំ២០២១ និងបញ្ហាកំពុងប្រឈមនឹងជំងឺកូវីដ១៩ផងដែរ។
សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបង្ហាញថា ការបន្តរក្សាបាននូវកំណើនផលិតស៊ីម៉ងត៍បែបនេះ ដោយសារតែកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នូវសំណង់ អគារនានា ជាមួយនឹងការរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការខិតខំទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ។ វិស័យនេះនឹងបន្តកើនឡើងថែមទៀត នៅឆ្នាំ២០២១នេះ ដើម្បីជាចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ ដោយហេតុតែកម្ពុជា ទទួលបានវ៉ាក់សាំង និងការថមថយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ។
បច្ចុប្បន្ន សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា មានសមាជិកចំនួន៥ក្រុមហ៊ុន ក្នុងនោះមាន ក្រុមហ៊ុនកំពត ស៊ីមេន ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និង ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត៕
រក្សាសិទ្ធិដោយ៖CEN