ស្ទឹងត្រែង ៖ បងប្អូនខ្មែរកួយរស់នៅភូមិរំដេងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅតែរក្សាទម្លាប់ប្រើប្រាស់ទឹកអូរជាប្រចាំ។ អាជ្ញាធរនៅទីនោះបានប្រាប់ថា នេះគឺជាទម្លាប់តាំងពីបុរាណកាលមកម្ល៉េះ។
រស់ ដួន អាយុ ៥០ឆ្នាំ គឺជាមេផ្ទះចាស់ទុំនៅភូមិរំដេង បានរៀបរាប់ប្រាប់ឲ្យដឹងថា បងប្អូនរបស់គាត់ដែលមានផ្ទះក្បែរដងអូរបាននាំគ្នាជីករណ្ដៅជាអណ្ដូងរាក់នៅក្បែរមាត់ទឹកឲ្យទឹកហូរជ្រាប ដើម្បីយកទឹកទៅប្រើប្រាស់។
ពេលអ្នកសារព័ត៌មានយើងចុះទៅដល់ភូមិនោះឃើញថា សកម្មភាពអ្នកភូមិយកផ្តិល ឬការបោយដងទឹកចេញពីអណ្ដូងដាក់ធុងជញ្ជូនឡើងទៅប្រើប្រាស់នៅផ្ទះហើយអ្នកខ្លះ ក៏បោកគក់សម្លៀកបំពាក់នៅតាមដងអូរ។
នៅតាមដងអូរឃើញមានរណ្ដៅជីកជាអណ្ដូងរាក់ជាច្រើនកន្លែង ដើម្បីឱ្យទឹកជ្រាបចូលហើយអ្នកភូមិយកទឹកនោះដងទៅដាំស្លបោកគក់តាមទំនៀមទម្លាប់របស់គាត់។
លោកព្រះ ហែម មេឃុំចំការលើបានប្រាប់ឲ្យដឹងថា អាជ្ញាធរបានពន្យល់ណែនាំអប់រំដល់អ្នកភូមិ ឲ្យប្រើប្រាស់ទឹកមានអនាម័យជៀសវាងកើតមានជំងឺឆ្លង។ ត្រូវប្រើប្រាស់ទឹកដាំស្ល ឲ្យបានឆ្អិនតាមក្បួនសុខាភិបាល ដូចជាដាំទឹកក្តៅពុះដែលមានរយៈពេល ១៥ នាទីយ៉ាងតិច។
លោកមេឃុំនិយាយថា នៅក្នុងភូមិក៏មានអ្នកខ្លះបានប្រើប្រាស់អណ្ដូង ដែលអង្គការឧបត្ថម្ភហើយអ្នកខ្លះទៀត ក៏មានអណ្ដូងជីកដោយដៃផ្ទាល់ខ្លួនរួចទៅហើយ។
ជាមួយនោះស្ត្រីអ្នកភូមិម្នាក់ទៀត បាននិយាយថា អណ្ដូងដែលអង្គការជួយឧបត្ថម្ភ ប្រើប្រាស់មិនគ្រប់គ្រាន់សម្រាប់អ្នកភូមិទេពេលខ្លះខូចមិនទាន់ចិត្តទើបអ្នកភូមិភាគច្រើន ដែលមានផ្ទះក្បែរមាត់អូរនាំគ្នាជីកអណ្ដូង តាមបាតអូរយកទឹកមកប្រើប្រាស់តែម្ដងទៅ។
លោកមេឃុំចំការលើ បានបញ្ជាក់ថា មានតែប្រជាពលរដ្ឋ ៣ ភូមិប៉ុណ្ណោះ នៅក្នុងឃុំរបស់លោកបានប្រើប្រាស់ទឹកហូរ ក្នុងនោះមានភូមិរុន ភូមិរំដេង និងភូមិចំការលើ។ ភូមិទាំង ៣ នេះបានប្រើប្រាស់ទឹកអូរ ប៉ុន្តែមិនទាំងអស់ទេ។ អ្នកខ្លះដងទឹកអូរយកទៅរក្សាទុក សម្រាប់ប្រើប្រាស់លាងចាន ឬក៏ដងស្រោចដំណាំជាដើម។ ម្យ៉ាងទៀត គឺជាទម្លាប់អ្នកភូមិនៅពេលរដូវប្រាំង តែងតែប្រើប្រាស់ទឹកអូរ ដែលមិនអាចកែប្រែបានទេ។
ហេតុដូច្នេះមានតែជម្រុញការអប់រំដល់ពួកគាត់ ក្នុងការប្រើប្រាស់ទឹកឲ្យមានអនាម័យតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖សំណាង