ព្រះសីហនុ ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុងឆ្នាំ២០២១ ខាងមុខនេះ ក្រោយលើកពេលមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ខណៈពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ថ្នាក់ដឹកនាំបានដាក់ចេញគោលបំណងថានឹងរៀបចំឱ្យកាន់តែពិសេសជាងឆ្នាំមុនៗ។
ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះឱ្យបានល្អប្រសើររលូនទៅបាន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិសេសមួយនៅរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងពិភាក្សាជាមួយក្រសួង-ស្ថាប័ន មន្ទីរ អង្គភាពជំនាញត្រៀមកិច្ចការមួយចំនួនបណ្ដើរៗ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើកិច្ចការងារតាមមុខព្រួញនីមួយៗ សំដៅរៀបចំពិធីបុណ្យទាំងមូលឱ្យបានរលូនជោគជ័យ។ ក្នុងនោះដែរមានកម្មវិធីសម្ដែងសិល្បៈ ព្រឹត្តិការណ៍កីឡា ការការពារសុខសន្តិភាព ការរៀបចំតុបតែងសោភ័ណភាពនៅតាមទីសាធារណៈ តាមឆ្នេរសមុទ្រ និងទីតាំងសំខាន់មួយចំនួនទៀត។ ចំពោះការរៀបចំឱ្យមានវិថីម្ហូបអាហារ ក៏ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន គាំទ្ររៀបចំឱ្យបានល្អប្រសើរ។
ឯកឧត្តមបានជំរុញឱ្យមានការនាំយកផលិតផលកសិកម្ម សិប្បកម្ម ផលិតផលពាណិជ្ជកម្មក្នុងស្រុកមកតាំងបង្ហាញក្នុងពិធីបុណ្យឱ្យបានច្រើនបំផុត។ ក្រៅពីនេះត្រូវផ្សព្វផ្សាយផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ដែលមាននៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ សក្ដានុពលនៅតាមតំបន់ឆ្នេរសមុទ្រ នៅតាមកោះ និងនៅសមុទ្រឱ្យបានទូលំទំលាយនៅក្នុងពិធីបុណ្យនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមសម្ដែងសិល្បៈ ផលិតផលពាណិជ្ជកម្មនានា និងការចូលរួមទស្សនាពីសំណាក់ប្រទេសជិតខាង និងភ្ញៀវទេសចរបរទេសក្នុងស្រុក (ភ្ញៀវទេសចរផ្ទៃក្នុង) ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះក៏ពិតមែន ប៉ុន្តែគណៈកម្មការរៀបចំត្រូវតែប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ការអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប់ជានិច្ច ដាច់ខាតត្រូវរួមគ្នាអនុវត្តឱ្យបានហ្មត់ចត់បំផុត។
ឯកឧត្តមអភិបាលខេត្ត គួច ចំរើន បានប្ដេជ្ញាអំពីការចូលរួមអនុវត្តកិច្ចការជាមួយក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយមានការចាត់ឱ្យមន្ត្រីជំនាញនៅរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារតាមមុខការរៀងខ្លួន ទាំងការងាររៀបចំទីតាំងពិធីបុណ្យ ការត្រៀមការការពារបញ្ហាសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ អ្នករៀបចំកម្មវិធី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំតុបតែងកែលម្អសោភ័ណភាពក្នុងទីក្រុង តាមផ្លូវសាធារណៈជាដើម។
ឯកឧត្តម គួច ចំរើន បានលើកឡើងឱ្យមានការតាក់តែងនិពន្ធរឿង ឬសិល្បៈសម្ដែងនៅព្រឹត្តិការណ៍ទេសចរណ៍នេះ ដែលរៀបរាប់ពីប្រវត្តិខេត្តព្រះសីហនុ ឬហៅតាមឈ្មោះចាស់ថា កំពង់សោម ដើម្បីទុកជាសម្បត្តិវប្បធម៌របស់ខេត្ត ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តម គួច ចំរើន បានឯកភាពគ្នាថា នឹងយកឱកាសរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣នេះ ជាឱកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិឱ្យកាន់តែល្បីសុះសាយបន្ថែមទៀត ខណៈឆ្នេរសមុទ្រកម្ពុជាទាំងមូល (ព្រះសីហនុ កំពត កែប និងកោះកុង) ត្រូវបានអង្គការឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក ចាត់បញ្ចូលជាឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោកកន្លងមក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រសិទ្ធនាមតំបន់ឆ្នេរសមុទ្រទាំងបួនខេត្តរបស់ខ្លួននេះជា «តារារះនាទិសនិរតី» ទៀតផង។
ចំពោះទីតាំងរៀបចំកម្មវិធីបុណ្យធំៗ និងកម្មវិធីនានាទៀតនោះ ក្រុមការងារនឹងបន្តពិភាក្សាកំណត់ឱ្យបានច្បាស់លាស់បន្ថែមទៀត។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន ក៏បានបន្តដឹកនាំកិច្ចពិភាក្សាត្រៀមរៀបចំពិធីបើកសម្ពោធជាផ្លូវការនូវផ្លូវទាំង ៣៧ ខ្សែនៅក្រុងព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខាងមុខ។ ក្រៅពីនេះ ក៏មានការប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍ទិវាជិះកង់នៃក្ដីស្រលាញ់នៅខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ