ភ្នំពេញ៖ សម្រាប់ ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨,២ពាន់លានដុល្លារ អាមេរិក ថយចុះប្រមាណ ១២ % ធៀបនឹងឆ្នាំ២០១៩។
នាថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី “កាលានុវត្តភាពវិនិយោគប្រកបដោយចីរភាពនៅកម្ពុជា” ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន (UK-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម កាន់ ផារិទ្ធ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំចក្រភព អង់គ្លេស, លោកជំទាវ Tina Redslaw. ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកជំទាវ Heather Wheeler តំណាងរាស្ត្រនិងជាបេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុក ពាណិជ្ជកម្មប្រចាំកម្ពុជា ឡាវ និងវៀតណាម, លោកជំទាវ Baroness Neville-Rolfe ប្រធានក្រុមប្រឹក្សាធុរកិច្ច ចក្រភពអង់គ្លេស -អាស៊ាន និងតំណាង វិស័យឯកជនប្រមាណ ១៥០ រូប។
គោលដៅចម្បងនៃសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីពិភាក្សា និងផ្តោះប្តូរយោបល់លើប្រធានបទមួយចំនួនដូចជា ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ២០២១ និងនៅក្រោយវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងបច្ចុប្បន្នភាពនៃច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការវិនិយោតនៅកម្ពុជា។
ឯកឧត្តម សុខ ចិន្តាសោភា បានអត្ថាធិប្បាយពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបានជម្រាបអង្គសិក្ខាសាលាអំពីការរៀបចំតាក់តែងច្បាប់ស្តីពីវិនិយោគថ្មី និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ សំដៅបង្កើនការទាក់ទាញវិនិយោគសម្រាប់ជាមូលដ្ឋានដល់វិនិយោគិន ធុរជនសម្រេចចិត្តបោះទុនវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា សម្រាប់ ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា “ ក .អ. ក” តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា “គ . វ. ក” និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា “ គ. ស. ព ” បានអនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨,២ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ ១២ % ធៀបនឹងឆ្នាំ២០១៩។ ជារួម ការថយចុះនេះស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរនៅឡើយ បើធៀបនឹងការព្យាកររបស់សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ(UNCTAD) ដែលបានព្យាករថារំហូរវិនិយោគផ្ទាល់ ពីបរទេសនៅក្នុងពិភពលោកត្រូវថយចុះប្រមាណ ៤២ % នៅក្នុងឆ្នាំ២០២០។ ដោយឡែក សម្រាប់ខែមករាឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២០គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ៦២១លានដុល្លារអាមេរិក ពោលគឺ មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលគម្រោងវិនិយោគមានចំនួន ១៧គម្រោង និងទុនវិនិយោគប្រមាណ ៩៣លានដុល្លារអាមេរិក។ លទ្ធផលនេះ ជាផ្លែផ្កាដែលកើតចេញពីការអនុវត្តវិធាន ការយ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សំដៅកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជាមួយកម្រិតថែមទៀត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ