ខេត្តព្រះសីហនុ ៖ នៅតំបន់ព្រែកទឹកសាប ស្ថិតក្នុងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ កំពុងមានសក្តានុពលខ្លាំង សម្រាប់ការអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម ដែលមិនទាន់ត្រូវបានកែច្នៃទៅឡើយ។
ដោយមើលឃើញនូវចំនុចទាំងអស់នេះ វិស័យឯកជន បានស្នើទៅក្រសួងទេសចរណ៍ ដើម្បីជួយរៀបចំផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម នៅតំបន់ព្រែកទឹកសាបរាមនេះ ដោយសង្ឃឹមថា តំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្មគំរូសម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ។ព្រោះតំបន់ព្រៃកោងកាងទឹកសាបជាកន្លែងទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគផ្នែកកសិទេសចរណ៍ ដ៏សំខាន់ ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះទៅដល់ទីតាំងនៃតំបន់ព្រែកទឹកសាប ស្ថិតក្នុងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍ កសិទេសចរណ៍នៅតំបន់នេះ ដោយមាន វិស័យ ឯកជន គឺសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានគៀងគរអ្នកវិនិយោគជប៉ុនមកធ្វើការវិនិយោគ នៅ តំបន់នេះ ជាពិសេសការដាំបន្លែសុវត្ថិភាពតាមរយៈបច្ចេកទេសយ៉ាម៉ូតូគ្រីនរបស់ជប៉ុន សំដៅផ្គត់ផ្គង់បន្លែសុខភាពដល់ប្រជាជន ជាពិសេសភ្ញៀវទេសចរតែម្តង។
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឲ្យដឹងថា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងរកដៃគូវិនិយោគពីក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍តំបន់នេះ ឱ្យក្លាយទៅជាតំបន់កសិទេស ចរណ៍ព្រោះទីតាំងនេះ ក៏មានការប្រកបអាជីវកម្ម ពីសំណាក់ ប្រជាពលរដ្ឋ ដូចជាការបើកភោជនីយដ្ឋាន ផ្ទះសំណាក់ និងការនេសាទជាដើម។ ដើម្បីចូលរួមក្នុងការអភិវឌ្ឍខេត្តនិងបង្កើនមុខរបរ កាត់បន្ថយការធ្វើចំណាកស្រុក ប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបានកាត់បន្ថយនូវភាពក្រីក្រផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការកៀងគររកអ្នកវិនិយោគ ដើម្បីធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រែកទឹកសាបក្លាយទៅជាតំបន់កសិទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើតមុខរបរឱ្យប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលជូនពួកគាត់ តាមរយៈការលក់ដូរ បើកភោជនីយដ្ឋាន ផ្ទះសំណាក់ ការនេសាទ និងការដឹកភ្ញៀវទេសចរ គយគន់តាមដងព្រែកនេះ ពីព្រោះទីតាំងនេះជា តំបន់ព្រែកទឹកសាប មានព្រៃកោងកាង សម្រាប់គយគន់ទេសភាព សម្រាប់ភ្ញៀវទេសទៅលេងកម្សាន្ត៕ រក្សាសិទ្ធិដោយ៖CEN