នេះជារឿងដ៏មិននឹកស្មាន និងក៏គួរឲ្យអាណិតជាខ្លាំងផងដែរ គ្រាដែលកូនសុនខ១ក្បាល មិនជាយ៉ាងម៉េច បានទៅជាប់នៅខាងក្រោមរថយន្ត ហើយម្ចាស់រថយន្តបើករហូតដល់ចម្ងាយដី ៥០ គីឡូម៉ែត្រ ទើបដឹង។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Boonnum Num បានរៀបរាប់ឲ្យដឹងថា គាត់បានបើករថយន្តប្រហែលចម្ងាយ ៥០ គីឡូម៉ែត្រ មុនពេលឈប់នៅហាងកាហ្វេមួយកន្លែងនៅក្នុងតំបន់ឧទ្យាន Kaeng Krachan ខេត្ត Phetchaburi ចម្ងាយប្រហែល ១៦៣ គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុងបាងកក។
អ្វីដែលចម្លែកនោះ គឺនៅទីនោះ ស្រាប់តែមានគេប្រាប់ថា បានឃើញមានអ្វីដូចជាអូសបានធ្លាក់ចុះពីក្រោមរថយន្តរបស់គាត់ ហើយភ្លាមៗនោះផងដែរ គាត់ក៏បានឱនក្បាលពិនិត្យមើល ពុទ្ធោ! គាត់ពិតជារន្ធត់ចិត្តជាខ្លាំង ខណៈឃើញកូនសុនខ១ក្បាលកំពុងជាប់នៅទីនោះគួរឲ្យអាសូរ ដោយមិនដឹងថា វាបានជាប់តាំងពីពេលណាមកនោះទេ។
ភ្លាមៗនោះ គាត់ និងអ្នកស្រុកនៅទីនោះ ក៏បាននាំគ្នាជួយទាញវាចេញពីដោយសុវត្ថិភាព។ ហើយដោយសារតែក្តីអាណិត និងឃើញវាស្អាតគួរឲ្យស្រឡាញ់ គ្រួសាររបស់គាត់ ក៏បានសម្រេចចិត្តទុកជាចិញ្ចឹមតែម្តង។
លោក Boonnum ក៏បានចែករំលែកឲ្យដឹងផងដែរថា បន្ទាប់ពីវាបានមករស់នៅជាមួយគ្រួសាររបស់គាត់ អស់រយៈពេល ៤ ថ្ងៃ សុនខនេះដែលមានឈ្មោះថា Chokdee គឺវាមានភាពរីករាយជាខ្លាំង ហើយថែមទាំងមានសុខភាពល្អទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង