ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះ រដ្ឋបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានចុះរុះរើសំណង់មួយកន្លែង របស់ជនបរទេស នៅចំណុចកាច់ជ្រុងផ្លូវម្តុំ(យូតាភា)ក្នុងសង្កាត់លេខ៤ ដែលអជ្ញាធរមូលដ្ឋានអះអាងថា សំណង់នេះ សង់ប៉ះពាល់ដីដល់ដីចំណីផ្លូវសាធារណៈ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចម្រុះ របស់សាលាក្រុង-ខេត្តព្រះសីហនុ ដឹកនាំដោយ លោក លី វ៉ាន់ដា បានរុះរើតូបលក់ដូរមួយចំនួន ដែលប្រជាពលរដ្ឋ ឬអាជីវករបានសង់លក់ដូរនៅចុងឆ្នេរអូរឈើទាល ឬអតីតឆ្នេរអារីស្តុន។ មន្ត្រីសាលាខេត្តព្រះសីហនុ លោក លី វ៉ាន់ដា ដែលដឹកកម្លាំងចុះរុះរើកន្លែងលក់ដូរបានឲ្យដឹងថា ដីចំណីឆ្នេរខាងលើនេះ អាជ្ញាធរខេត្ត បានរក្សាទុកជាដីឆ្នេរសាធារណៈ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរចូលទៅក្រាលកន្ទេលអង្គុយសម្រាកកម្សាន្តជាលក្ខណៈគ្រួសារ និងហាមមិនឲ្យបង្កើតជាកន្លែងលក់ដូរអចិន្ត្រៃយ៍នោះទេ។ លោក លី វ៉ាន់ដា បន្តថា ពលរដ្ឋដែលចង់លក់ដូរនៅលើអតីតឆ្នេរអារីស្តុននេះ គឺអាចលក់ដូរបានដោយដាក់តាមរទេះរុញ ឬមធ្យោបាយប្រហាក់ប្រហែល ដោយត្រូវចល័តចុះឡើងៗ នៅពេលថ្ងៃ ប៉ុន្តែនៅពេលយប់ត្រូវតែរើចេញពីទីតាំងលក់ដូរទាំងនោះ។ សកម្មភាពចុះរុះរើតូបលក់ដូរខាងលើនេះ សមត្ថកិច្ចក៏បានដកហូត តុ កៅអី និងសម្ភារៈលក់ដូរមួយចំនួន របស់អាជីវករ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីរង់ចាំឲ្យម្ចាស់មករកដំណោះស្រាយនៅពេលក្រោយ ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យសង់ដំបូល ឬដាក់តុ កៅអីលក់ដូរអចិន្ត្រៃយ៍ទាំងយប់ថ្ងៃទៀតទេ។ ប្រជាពលរដ្ឋ ឬក្រុមអាជីវករលក់ដូរតាមឆ្នេរអតីតអារីស្តុន បង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះទង្វើរបស់អាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ដែលបានរុះរើតូបលក់ដូរ និងរឹបអូសយកសម្ភារៈពួកគេមិនឲ្យប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅពេលនេះ។ ផ្តើមពីបញ្ហានេះ ក្រុមអាជីវករឆ្នេរអារីស្តុន បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងចុះជួបសំណោះសំណាលជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ និងក្រុមកម្មករ នាខេត្តព្រះសីហនុនៅដើមខែមីនា ឆ្នាំ២០១៨ ខាងមុខ ស្នើឲ្យសម្តេចជួយអន្តរាគមន៍ឲ្យពួកគេ អាចលក់ដូរនៅតាមអតីតឆ្នេរអារីស្តុនដូចពេលមុនវិញ ដើម្បីរកប្រាក់កម្រៃសម្រាប់ចិញ្ចឹមគ្រួសារ ដែលកំពុងជួបការខ្វះខាតជីវភាពប្រចាំថ្ងៃ៕ ដែន សីមា