ភ្នំពេញ៖ តាមរយៈការពង្រឹងគុណភាពនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសឲ្យសហគ្រាសដាក់ពាក្យស្នើសុំប្រើប្រាស់ «សញ្ញាផលិតផលកម្ពុជាមានគុណភាព»។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់នៅលើសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២១ ថា ដើម្បីជំរុញលើកកម្ពស់ ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអតិថិជននោះ ក្រសួងចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ចាប់ពីការជូនដំណឹងនេះតទៅ។
ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមក្រសួងឧស្សាហកម្ម ការស្នើសុំបញ្ជាក់ផលិតផលកម្ពុជាមានគុណភាព និងសុវត្ថិភាព ជាសេវាស្ម័គ្រចិត្ត។ ចំពោះព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៨៧៨ ៣៥៦។
ដូច្នេះសូមម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យសុំ សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីក្រសួងពិនិត្យសម្រេចផ្តល់និមិត្តសញ្ញាតាមនីតិវិធី ដូចបានជូនភ្ជាប់មកជាមួយ សម្រាប់យកទៅបោះពុម្ពលើសំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅ លើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់៕
រក្សាសិទ្ធិដោយ៖CEN