Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មិន​ខុស​មែន ! លោក ពេជ្រ ស្រស់ ប្រតិកម្ម​ខ្លាំងៗ ក្រោយ​ក្រសួង​សម្រេច​ឲ្យ​ក្រុម អា​ជី អា​ម៉ី ត្រឹម​ធ្វើ​កិច្ចសន្យា សុំទោស​បញ្ចប់រឿង​

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ​នេះ ក្រុម Ah Gi លក់​ឡេ ដែល​សម្ដែង​រឿង «​ទុំ​ទាវ ២០២១» ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ព្រះពុទ្ធសាសនា និង​តម្លៃ​វប្បធម៌​ជាតិ យ៉ាងធ្ងន់ធ្ងរ បាន​ចូលខ្លួន​ទៅ​ប្រឈមមុខ​ដោះស្រាយ​តាម​ការកោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​។​

​តែ​ទោះយ៉ាងណា ក្រោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដុសក្អែល​ក្រុម​អា​ជី អា​ម៉ី អស់​រយៈពេល​ពេញ​មួយ​ព្រឹក​ធំ នៅ​ទីបំផុត ក្រសួង​បាន​ត្រឹម​សម្រេច​ឲ្យ​ក្រុម​នេះ​ផ្តិតមេដៃ និង​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ បញ្ឈប់​នូវ​ការ​ស្លៀកពាក់​សិច​ស៊ី​បែប​អានា​ចារ​នៅតាម​បណ្តាញ​សង្គម និង​ប្រគល់​ផេ​ក​ទាំងអស់​របស់ខ្លួន​ឲ្យ​ក្រសួង​គ្រប់គ្រង​លុបចោល មិន​ទាញយក​រាល់​ទិន្នន័យ​ទាំងអស់​មក​ទុក​រក្សា​ប្រើប្រាស់ និង​ចំណុច​ជាច្រើន​ទៀត​ប៉ុណ្ណោះ​។​

​ដូចដែល​ប៉ាន់ស្មាន​មិន​ខុស​មែន ក្រោយ​ឮ​សេចក្តីសម្រេច​របស់​ក្រសួង ឲ្យ​ក្រុម​អា​ជី និង​អា​ម៉ី រួចខ្លួន តាមរយៈ​ការ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា និង​ចេញ​វីដេអូ​សុំទោស​បែបនេះ ក៏បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​នាំគ្នា​រិះគន់ និង​មិន​ពេញចិត្ត​ទាល់តែសោះ ដែល​គ្រាន់តែ​ឲ្យ​សុំទោស​ហើយ​រួចខ្លួន​។

​ក្នុងនោះ​ផងដែរ លោក ពេជ្រ ស្រស់ ប្រធាន​បក្ស​យុវជន​កម្ពុជា ក៏បាន​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ថា​៖ «​អ្នកប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​សុំទោស​រួចខ្លួន គឺជា​គំរូ​អាក្រក់​ដល់​អ្នកដទៃ​ផ្សេងទៀត​គឺ​Video បន្ទាបបន្ថោក បានចេញ​ផ្សាយ​ផ្អើល​ពិភពលោក ហើយ​អ្នក​មិនដឹង​ពី​វប្បធម៌​ខ្មែរ​យើង​និង​សាសនាព្រះពុទ្ធ​ក៏បាន​មើលងាយ​លើ​វប្បធម៌​និង​សាសនា​ហើយ​ដែរ តើ​ការ​សុំទោស​របស់​ពួកនាង​អាច​សង​កិត្តិយស​ដល់​វប្បធម៌​ខ្មែរ​និង​សាសនា ព្រះពុទ្ធ​បាន​វិញ​ដែរ​ទេ​? ច្បាប់​គឺ​ច្បាប់ ហើយ​ច្បាប់​ក៏បាន​ចែង​ពី​ទម្ងន់ទោស​ច្បាស់លាស់​ហើយ​ដែរ ដូច្នេះ​អនុវត្ត​ច្បាប់​ទៅ ដើម្បី​តម្លាភាព និង​ផ្តល់​យុត្តិធម៌​ដល់​ចំប៉ី​ខ្មៅ ផងដែរ​។ ម្យ៉ាងវិញទៀត លុបបំបាត់​អ្នក​ជាន់ឈ្លី​វប្បធម៌​ខ្មែរ​យើង និង​រឿង​ផ្សេងៗ​ទៀត​។ ខ្សែ​ចាប៉ី​ធូរ​ពេក​មិន​ពិ​រោះ រឹត​តឹង​ពេក​ដាច់​ខ្សែ រឹត​ល្មម​គឺ​មានតែ​អនុវត្ត​ច្បាប់​។​»

​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ បាន​កោះហៅ កញ្ញា តេង ស៊ី​ណាត និង​កញ្ញា តេង ដា​ណា រួម​នឹង​អ្នកពាក់ព័ន្ធ ក្នុង​ការផលិត​វីដេអូ​ឃ្លី​ប រឿង ទុំ​ទាវ ២០២១ មក​អប់រំ​ណែនាំ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

​លទ្ធផល ៨​ចំណុច នៃ​ជំនួប​រវាង​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចំពោះ​ករណី​ការផលិត​រឿង​«​ទុំ​ទាវ​២០២១» មាន​ដូចខាងក្រោម​៖
១. មិន​ប្រព្រឹត្ត និង​ចូលរួម​ប្រព្រឹត្ត នូវ​គ្រប់​សកម្មភាព ឥរិយាបថ ព្រមទាំង​ពាក្យសម្តី ដែល​បណ្តាលឱ្យមាន​
​ផលប៉ះពាល់​ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​សង្គមជាតិ​ទៀតឡើយ​។​
២. មិន​បង្ហាញ​ភាព​ស៊ី​ច​ស៊ី បែប​អនាចារ ក្នុង​បណ្តាញ​សង្គម
៣. ប្រើប្រាស់​ចំណេះ ជំនាញ​ដែល ខ្ញុំបាទ​/​នាង​ខ្ញុំ​មាន ដើម្បី​ចូលរួម​លើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​កិ​ត្យា​សង្គមជាតិ​។​
៤. យល់ព្រម​ប្រគល់ Page account ឈ្មោះ​Hokima និង​Account Tik Tok ឈ្មោះ Gi Leader261​ដែលជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន របស់ ខ្ញុំបាទ​/​នាង​ខ្ញុំ ឱ្យ​ក្រុមការងារ របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គ្រប់គ្រង និង​លុបចោល​ទាំងស្រុង​។​
៥. សន្យា​មិន​ទាញយក​ទិន្នន័យ​ក្នុង Page account ឈ្មោះ​Hokima និង Account Tiktok ឈ្មោះ Gi Leader261 ដែល​បាន​ប្រគល់ជូន​ក្រុមការងារ​របស់​ក្រសួង មក​រក្សាទុក ឬ ប្រើប្រាស់​ឡើយ​។​
៦. សន្យា​នឹង​សហការ​ជាមួយ​ម្ចាស់ account Facebook ឬ​/​និង Page account ដែល​ខ្ញុំបាទ​/​នាង​ខ្ញុំ បាន​ជួល​ពី​មិត្ត ជូន​ដល់​សមត្ថកិច្ច ដើម្បី​លុប account Facebook ឬ​/​និង Page account​ទាំងអស់​។​
៧. ធ្វើការ​សុំទោស​ជា​សាធារណៈ ចំពោះមុខ​អ្នកសារព័ត៌មាន
៨. ប្រសិនបើ ខ្ញុំបាទ​/​នាង​ខ្ញុំ នៅ​ប្រព្រឹត្ត​នូវ​រាល់​សកម្មភាព ឥរិយាបថ ព្រមទាំង ពាក្យសម្តី ភាព​សិច​ស៊ី​បែប​អនាចារ បណ្តាលឱ្យមាន​ផលប៉ះពាល់​ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​សង្គមជាតិ ជា​បន្តទៀត ខ្ញុំបាទ​/​នាង​ខ្ញុំ សុខចិត្ត​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×