កាលពីពេលកន្លងទៅនេះ គ្រូបង្រៀនមុខវិជ្ជាឯកទេស គីមីវិទ្យា នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម គឺលោក ប៉ូច កវី ត្រូវបានអាណាព្យាបាលសិស្សជាច្រើននាក់ បានធ្វើការចោទប្រកាន់ថា បានឃុបឃិតជាមួយនាយកសាលាលោក ហ៊ួត លាងឆេង កៀបសង្កត់សិស្សឲ្យរៀនគួរ និងជំរិតទារប្រាក់ពីសិស្សទៀតផង។
គួរបញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្តឹងពីអាណាព្យាបាលសិស្ស នៅក្នុងសហគមន៍ លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក៏បានចេញលិខិតបង្គាប់ការ ធ្វើនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយសម្រេចឲ្យលោក ប៉ូច កវី បុគ្គលិកអប់រំបង្រៀនមុខវិជ្ជាឯកទេស «គីមីវិទ្យា» ដែលបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ត្រូវបានសម្រួលភារកិច្ចឲ្យមកបម្រើការងារជាបុគ្គលិករដ្ឋាបាលនៅទីចាត់ការវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺក្រោយបើកបវេសនកាលថ្មីៗនេះ គេក៏បានឃើញលោក ប៉ូច កវី នៅតែមានវត្តមានបង្រៀនដដែល។ ហេតុដូចនេះ អាណាព្យាបាលក៏បានបន្តចោទប្រកាន់ថា លោក ប៉ូច កវី បានបន្តឃុបឃិតជាមួយនាយកសាលាលោក ហ៊ួត លាងឆេង បំពាននឹងបទបញ្ជារបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមតែម្តង។
ទោះយ៉ាងណា នៅពេលនេះ ករណីលោកគ្រូ ប៉ូច កវី ត្រូវបានធ្លាក់ដល់ដៃរដ្ឋបាលខេត្តកំពង់ចាម ចាត់ការបន្តហើយ។ នេះបើយោងតាមលិខិតមួយច្បាប់របស់លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម គោរពជូនលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវត្ថុ “របាយការណ៍ស្តីពីដោះស្រាយករណីរបស់លោកគ្រូ ប៉ូច កវី គ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់” ដោយសម្រេចលទ្ធផលស្នើសុំលោក ប៉ូច កវី គ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ បន្តបំពេញការងារនៅទីចាត់ការវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ បន្តទៀត ក្នុងឆ្នាំសិក្សា ២០២០-២០២១ (រយៈពេល១ឆ្នាំ)។
លោក កៅ សុខអាន ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវរៀបចំលិខិតបែបបទឲ្យបានត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល ក្នុងករណីមានការអនុញ្ញាតឲ្យលោក ប៉ូច កវី ធ្វើការបង្រៀនសារជាថ្មី ក្រោយទទួលទណ្ឌកម្មខាងវិន័យរួចរាល់ ដោយមានចម្លងជូនរដ្ឋបាលស្រុកស្ទឹងត្រង់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង