ខេត្តមណ្ឌលគិរី៖ ជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសព្រៃឈើ កំពុងកើតមានពេញបន្ទុក ក្នុងដែនជម្រកសត្វព្រៃចំនួន ២ក្នុងខេត្តមណ្ឌលគិរី។ ពួកគាត់ បង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាប្រឈមពីការបាត់បង់ព្រៃឈើ ដែលអាចនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគាត់ ដែលពឹងអាស្រ័យព្រៃឈើ។
ជនជាតិដើមភាគតិចព្នងម្នាក់ រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្នើរមិនបញ្ចេញឈ្មោះឲ្យដឹងថា រាល់ថ្ងៃនេះ ក្រុមឈ្មួញបានពង្រាយកម្លាំងដាក់ម៉ាស៊ីនកាត់ឈើយ៉ាងអនាធិបតេយ្យពាស់ពេញព្រៃ ជាពិសេសព្រៃឈើ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច។ លោកថា មានគោយន្តកន្ត្រៃរាប់សិបគ្រឿង ដែលឈ្មួញ កំពុងធ្វើសកម្មភាពដឹកឈើ និងមានកម្មករាប់រយនាក់ បានចូលទៅកាប់ឈើខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយក្រុមឈ្មួញបានដឹកឈើគ្រប់ប្រភេទ រួមមានឈើធ្នង់ជាដើម ដឹកចេញពីមូលដ្ឋាននេះ ឆ្ពោះទៅខេត្តក្រចេះ និងមួយចំនួនទៀត ដឹកចូលទៅក្រុមហ៊ុនលឹមរ៉ូយាល។ ហើយបទល្មើសព្រៃឈើនេះ មិនឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ ចេញមុខបង្ក្រាប ឬទប់ស្កាត់នោះទេ។
ផ្តើមពីបញ្ហានេះ ក្រុមជនជាតិដើមភាគតិចព្នង មានចម្ងល់ថា ហេតុអ្វីបានជាមន្ត្រីមានសមត្ថកិច្ចប្រចាំការជាច្រើនស្ថាប័នខេត្តមណ្ឌលគិរី មិនបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងកើតមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ព្រោះរាល់ថ្ងៃនេះ ឃើញវត្តមាន របស់កម្លាំងសមត្ថកិច្ចជាច្រើនស្ថាប័នដាក់ប្រចាំការនៅក្នុងមូលដ្ឋាននោះស្រាប់។ ត្រង់ចំណុចនេះ ក្រុមជនជាតិដើមភាគតិចព្នង បង្ហាញការព្រួយបារម្ភខ្លាចព្រៃឈើ ដែលមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ត្រូវបំផ្លាញរលាយហិនហោច ប្រសិនបើសមត្ថកិច្ចជំនាញមិនទប់ស្កាត់ឈ្មួញកាប់ព្រៃទាំងនោះឲ្យទាន់ពេលនោះទេ។
ជាងនេះទៀត ក្រុមជនជាតិដើមភាគតិចព្នងបានចោទថា បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ដែលមិនមានមន្ត្រីពីស្ថាប័នពាក់ព័ន្ធចេញមុខបង្ក្រាបរាល់ថ្ងៃនេះ ទំនងជាអាចមន្ត្រីបំរើការនៅតាមស្ថាប័នជំនាញខ្លះ បានត្រូវដងត្រូវផ្លែរគ្នាជាមួយឈ្មួញ ជាថ្នូរចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ទើបពួកគេមិនបង្ក្រាបបទល្មើសព្រៃឈើ កំពុងកើតមានក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចរាល់ថ្ងៃនេះ។
ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី បង្ហាញការព្រួយបារម្ភខ្លាំងចំពោះការបាត់បង់ព្រៃឈើ វល្លិ៍ និង ដើមជ័រទឹក ដែលជាប្រភពរកចំណូលប្រចាំថ្ងៃ របស់ពួកគាត់ដើម្បីចិញ្ចឹមជីវិតគ្រួសារជាបន្តបន្ទាប់មកនេះ។ ពួកគាត់ អះអាងថា បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីរាល់ថ្ងៃនេះ ប្រសិនបើអាជ្ញាធរមិនមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ នៅក្នុងពេលដ៏ឆាប់ខាងមុខ ព្រៃឈើដែលនៅសេសសល់ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នឹងត្រូវរលាយហិនហោចជាក់ជាមិនខាន។
ចំណែកប្រជាពលរដ្ឋ រស់នៅ ឃុំស្រែព្រះ ស្រុកកែវសីមា បានឲ្យដឹងដែរថា មូលដ្ឋាននេះក៏មានបទល្មើសព្រៃឈើ បានធ្វើសកម្មភាពកាប់ និងដឹកឈើអនាធិបតេយ្យរាល់ថ្ងៃដែរ ដោយបទល្មើសនេះ ក្រុមឈ្មួញបានរត់ការបង់លុយសំណូកពុករលួយជូនទៅមន្ត្រីជំនាញគ្រប់ស្ថាប័ននីមួយៗរួចអស់ហើយដែរ។ ពលរដ្ឋ បន្តថា រាល់ថ្ងៃនេះឈ្មួញទាំងនោះ បានដើរប្រមូលទិញឈើ ពីប្រជាពលរដ្ឋនៅតាមផ្ទះ និងខ្លះទៀតបានដាក់កម្មករឲ្យចូលទៅកាប់ដើមឈើ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា រួចដឹកយកទៅលក់បន្តនៅប្រទេសវៀតណាម តាមច្រករបៀង ០៧ ស្ថិតនៅឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលមានព្រំប្រទល់ជាប់ឃុំអូរអាម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រុមប្រជាពលរដ្ឋ បានចោទថា រាល់ថ្ងៃនេះ ក្រុមឈ្មួញល្មើសព្រៃឈើ គឺបានត្រូវដងត្រូវផ្លែគ្នាជាមួយមេព្រៃ និងមន្ត្រីបរិស្ថានប្រចាំការនៅមូលដ្ឋាននោះ ទើបគ្មានសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើទាំងនោះទេ។
ប្រជាពលរដ្ឋ ស្រុកកែវសីមា បានអះអាងថា ក្រុមឈ្មួញដែលរកស៊ីឈើល្មើសច្បាប់នាមូលដ្ឋាននេះ គឺមន្ត្រីជំនាញគ្រប់ស្ថាប័នបានស្គាល់ឈ្មោះទាំងអស់ និងបានត្រូវដងត្រូវផ្លែជាមួយគ្នាថែមទៀត។ ក្រុមប្រជាពលរដ្ឋ បានសន្និដ្ឋានថា បទល្មើសព្រៃឈើនាមូលដ្ឋាននេះ អាចធ្វើសកម្មភាពបានដោយរលូន ប៉ុន្តែបើមិនមានសំណូកពុករលួយសូកប៉ាន់លុយកាក់ជូនមន្ត្រីជំនាញទេ គឺច្បាស់ជាក្រុមមន្ត្រីទាំងនោះ នឹងចុះបង្ក្រាប់បទល្មើសព្រៃឈើក្នុងមូលដ្ឋានស្រុកកែវសីមាមិនឲ្យរួចខ្លួនទេ។ ពលរដ្ឋ និយាយថា រាល់ថ្ងៃនេះ បទឈ្មើសព្រៃឈើ បានកើតមានពេញបន្ទុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងគ្មានការបង្ក្រាបទេ។
ប្រភពព័ត៌មានបានឲ្យ CEN.COM.KH ដឹងថា បច្ចប្បន្នក្រុមឈ្មួញ ឈើ នៅមូលដ្ឋាននេះ បានជះលុយច្រើនសន្ធឹកសន្ធាប់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីរត់ការបង់ផ្លូវ ដោយត្រូវបង់លុយជូនទៅឲ្យមន្ត្រីនៅតាមស្ថាប័នជំនាញនីមួយៗ ជាថ្នូរបើកផ្លូវ ឬមិនបង្ក្រាបបទល្មើសព្រៃឈើ នៅស្រុកកែវសីមា ជាពិសេស សូកលុយទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ព្រមទាំងមន្ត្រីនៅតាមស្ថាប័នច្រើនទៀត គឺចាប់ពីមន្ត្រីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត។
ឆ្លើយតបបញ្ហានេះ លោក ជុយ សុឃាង នាយផ្នែករដ្ឋាបាលព្រៃឈើ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានទទួលស្គាល់ថា ពិតជាមានបទល្មើសព្រៃឈើ បានកើតមាននៅក្នុងមូលដ្ឋាននេះពិតប្រាកដមែន។ ហើយថា បទល្មើសនេះ លោកកំពុងសុំគោលការ ពីគណៈបញ្ជារការឯកភាពស្រុក ដើម្បីចុះពិនិត្យទៅលើបទល្មើសព្រៃឈើនៅក្នុងស្រុកកែវសីមានេះ នៅថ្ងៃស្អែក ប៉ុន្តែមិនមានទ្រង់ទ្រាយធំនោះទេ។
ចំណែកបទឈ្មើសព្រៃឈើ ដែលកើតមាននៅក្នុងព្រៃ លោកថា មិនមែនជាដែនសមត្ថកិច្ច របស់លោកទេ គឺស្ថិតក្នុងដែនសមត្ថកិច្ចរ បស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឯណោះទៅវិញទេ។
ចំណែក លោក ហាន សុខន នាយកដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី មិនទាន់ធ្វើអត្ថាធិប្បាយបែបណាទេ ព្រោះរូបលោកកំពុងជាប់រវល់ ចេញទៅក្រៅប្រទេស។
ដោយឡែក លោក ឌឹន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងារស្ថាប័នលោក កំពុងពិនិត្យយកចិត្តទុកដាក់ទៅលើករណីបទល្មើសព្រៃឈើនាមូលដ្ឋាននេះ ប៉ុន្តែលោកថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់អំពីបទល្មើសព្រៃឈើនាមូលដ្ឋាននេះនៅឡើយទេ ព្រោះលោកទើបមកទទួលការងារ នៅទីនេះបាន ១ខែតែប៉ុណ្នោះ។ លោក ឌឹន ប៊ុនធឿន បន្តថា បទល្មើសព្រៃឈើនេះ លោកបានណែនាំទៅកូនចៅ ក្រោមឱវាទ របស់លោករួចហើយ ជុំវិញការបណ្ដែតបណ្ដោយឲ្យមានម៉ូតូដឹកឈើចេញពីស្រុកចាស់កន្លងមកនេះ។ លោកបន្តថា នៅថ្ងៃស្អែក គណៈបញ្ជាការឯកភាព នឹងចុះបង្ក្រាបបទឈ្មើសដែលកំពុងកើតនៅក្នុងមូលដ្ឋាននេះ ដោយចេញយុទ្ធនាការចុះបង្ក្រាប ចាប់ផ្ដើមពី ខ្ទុង ស្រែឈូក មកវិញ ហើយករណីនេះ ក្រុមការងារលោកបានរៀបចំកម្លាំង ១ក្រុមទៀត ឲ្យចុះទៅ ស្រុកចាស់ ស្ថិតក្នុងឃុំស្រែព្រះ ដើម្បីពិនិត្យ និងឈានទៅទប់ស្កាត់បទល្មើសព្រៃឈើកំពុងកើតមាននៅក្នុងដែនជម្រកសត្វព្រៃនាមូលដ្ឋានខេត្តមណ្ឌលគិរីឲ្យមានប្រសិទ្ធភាព៕ ដោយៈ សមុទ្រឈើ