ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការនានា ប្រទេសកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការអភិ វឌ្ឍធនធានមនុស្ស ឱ្យទទួលបានចំណេះជំនាញពិតប្រាកដ ដែលឆ្លើយតបនិងតម្រូវការជាក់ស្តែង ដូចដែលបច្ចុប្បន្ននេះ ជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បាននិងកំពុងដើរស្របគ្នានិងការវិវត្ត នៃឧស្សាហកម្ម ជំនាន់ទី ៤.០។
ដើម្បីចូលរួមចំណែកក្នុងការជំរុញដល់ការអភិវឌ្ឍផ្នែកធនធានមនុស្ស ក្នុងការស្រាវជ្រាវអនុវត្ត និងលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា និងជុំរុញកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្តីការក្រសួង។
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញនូវទឹកចិត្តរីករាយចំពោះព្រឹត្តិការណ៍នៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ដើម្បីលើកកម្ពស់ និងជុំរុញកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យស្នូលមួយ ក្នុងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០។
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងបំណងរួមគ្នាដើម្បីលើកកម្ពស់ធនធានមនុស្ស និងជុំរុញកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យស្នូលមួយក្នុងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០៕
រក្សាសិទ្ធិដោយ៖CEN