Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​សត្វ​រំពេរ​ទន្លេ​កើនឡើង​ទ្វេដង ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ ជា​ក្តីសង្ឃឹម​សម្រាប់​ការការពារ​ប្រភេទ​សត្វ​បក្សី​ដ៏ កម្រ​នេះ​ឱ្យ​គង់វង្ស​

ភ្នំពេញ​៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​តាមដាន​សត្វព្រៃ​របស់​អង្គការ WWF បាន​ប្រទះឃើញ​សត្វ​រំពេរ​ទន្លេ​សរុប​ចំនួន ៦៨ ក្បាល ក្នុងអំឡុងពេល​ចាប់ផ្តើម​សិក្សា​ចំនួន​សត្វ​បក្សី នៅតាម​តំបន់​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ ខេត្ដ​ស្ទឹងត្រែង និង​ព្រំប្រទល់​ប្រទេស​ឡាវ ក្នុង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១​។

​អ្នកវិទ្យាសាស្ត្រ​បានឃើញ​វត្តមាន​របស់​សត្វ​រំពេរ​ទន្លេ​ដ៏​អស្ចារ្យ​ទាំងនេះ​កំពុង​ប្រើប្រាស់​ថ្ម​ប៉ប្រះ​ទឹកជា​ទ្រនំ​ដើម្បី​ចាប់​ត្រី ខណៈដែល​សត្វ​រំពេរ​ខ្លះទៀត​កំពុងតែ​ហើរ​ក្រឡឹង​ចុះឡើង​តាម​ឆ្នេរ​ខ្សាច់​ដែលជា​ទីជម្រក​ធម្មជាតិ​របស់​ពួកវា​ដើម្បី​បន្ត​ពូជ​។ ខណៈពេល​នេះ​រដូវ​បន្ត​ពូជ​របស់​សត្វ​រំពេរ​ទន្លេ​បានចាប់ផ្តើម​ហើយ​។​

​លោក អៀម សំ​អ៊​ន់ អ្នកទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ​ប្រចាំ​តំបន់​ទន្លេមេគង្គ​នៃ​អង្គការ WWF បាន​ថ្លែងថា សត្វ​រំពេរ​ទន្លេ​ជា​ប្រភេទ​បក្សី​មាន​មាឌ​មធ្យម មាន​កន្ទុយ​ចំ​ពាម ក្បាល​ខ្មៅ ពោះ​ស ហើយ​ភាគច្រើន​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​រដូវ​កាល​បន្ត​ពូជ​របស់​ពួកវា ដែល​ចាប់ផ្តើម​ពី​ខែមករា ដល់​ខែឧសភា​។ លោក​បាន​បន្ថែមថា “​ចំនួន​សត្វ​រំពេរ​ទន្លេ​ដែល​បាន​ប្រទះឃើញ​ពេលនេះ​មាន​ចំនួន​ច្រើនជាង​ចំនួន​ដែល​បាន​ប្រទះឃើញ​កាលពី​ឆ្នាំមុន ដែល​ពេលនោះ​ឃើញ​សត្វ​រំពេរ​ទន្លេ​មានតែ ៦៤ ក្បាល​ប៉ុណ្ណោះ​”​។​

​លោក​បាន​លើកឡើងថា សមាជិក​ក្រុម​អ្នកវិទ្យាសាស្ត្រ​គ្រប់គ្នា​ពិតជា​រំភើប​ខ្លាំងណាស់​ចំពោះ​កំណត់ត្រា​កំណើន​សត្វ​រំពេរ​ក្នុងអំឡុងពេល​ការអង្កេត​ចំនួន​សត្វ​បក្សី​លើកដំបូង​នៅក្នុង​រដូវ​បន្ត​ពូជ​ឆ្នាំនេះ​។ ទន្ទឹមនេះ ចំនួន​បក្សី​ទាំងនេះ​មាន​កំណើន​ទ្វេដង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ដែល​កើន​ពី ៣១ ក្បាល ក្នុង​ឆ្នាំ​២០១៦ ដល់ ៦៨ ក្បាល ក្នុង​ដើមឆ្នាំ​២០២១​។​

​លោក សេង ទៀក នាយក​អង្គការ WWF​កម្ពុជា​បាន​មានប្រសាសន៍ថា នេះ​ពិតជា​ដំណឹង​ដ៏​ល្អ​មួយ ដែល​ផ្តល់​ការលើកទឹកចិត្ត និង​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់ ហើយ​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ទៀងទាត់​បាន​ជំរុញ​ឱ្យចំ​នួន​សត្វ​បក្សី​នេះ​កើន​ឡើងវិញ ដែល​ផ្តល់នូវ​ក្តីសង្ឃឹម​សម្រាប់​ការស្តារ​សត្វ​ប្រភេទ​នេះ​ឱ្យមាន​ចំនួន​សម្បូរ​ឡើង​ក្នុងប្រទេស​កម្ពុជា​និង​ក្នុង​តំបន់​។ លោក​បាន​ថ្លែងថា “​ខ្ញុំបាទ​សូម​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា ក្នុង​កិច្ចការ​គ្រប់គ្រង​តំបន់​ការពារ ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការលើកកម្ពស់​ការចូល​រួម​ពី​សំណាក់​សហគមន៍ របស់​រដ្ឋាភិបាល​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មន្ទីរ​បរិស្ថាន​ភាគី​ពាក់ព័ន្ធ​នានា និង​ក្រុមការងារ​របស់ WWF ព្រមទាំង​ការចូលរួម​របស់​សហ​គម​ន៍​មូលដ្ឋាន​ដែល​កំពុង​រស់នៅក្នុង​តំបន់​ទីជម្រក​ធម្មជាតិ​របស់​សត្វ​រំពេរ​ទន្លេ​។​”

​បើតាម​អ្នកជំនាញ​បាន​លើកឡើងថា សត្វ​រំពេរ​ទន្លេ​ជា​ប្រភេទ​បក្សី​មួយ​ដ៏​កម្រ​បំផុត​ក្នុងចំណោម​ប្រភេទ​បក្សី​កម្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្នុងប្រទេស​កម្ពុជា សត្វ​រំពេរ​ទន្លេ​បាន​ធ្លាក់ចុះ ៨០​ភាគរយ ក្នុង​រយៈពេល ២០ ឆ្នាំ កន្លងទៅ ដែលមាន​ចំនួន​ប៉ាន់ប្រមាណ​សរុប​ទូទាំងប្រទេស​ចន្លោះ​ពី ៥៤ ដល់ ៦២ ក្បាល​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៨​។ កត្តា​គំរាមកំហែង​ចម្បងៗ​ចំពោះ​ការរស់រាន​របស់​សត្វ​បក្សី​នេះ​រួមមាន​ការយាយី​ដល់ទី​ជម្រក​ធម្មជាតិរ​បស់​វា​បណ្តាលមកពី​ស​កម្ម​ភាព​មនុស្ស ការ​ជន់​លិច​សំបុក ការប្រមូល​យក​ស៊ុត​បក្សី​ដោយ​មនុស្ស និង​ការបំផ្លាញ​សំបុក​សត្វ​ដោយ​សត្វពាហនៈ និង​សត្វរំពារ​ផ្សេងៗ​។ ដោយហេតុ​នេះហើយ ទើប​អង្គការ IUCN បាន​ផ្លាស់ប្តូរ​ចំណាត់ថ្នាក់​របស់​បក្សី​នេះ​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ទទួលរង​គ្រោះ​របស់ខ្លួន​ពី “​ជិត​រងគ្រោះ​” ទៅជា​ប្រភេទ “​ងាយ​រងគ្រោះ​”​។​

​បន្ថែម​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​គ្រប់គ្រង​តំបន់​ការពារ យុទ្ធសាស្ត្រ​អភិរក្ស​ដែល​បាន​អនុវត្តន៍​ដោយ​អង្គការ WWF ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល និង​ដៃគូ​អភិរក្ស​នានា បាន​ជំរុញ​ការចូលរួម​យ៉ាងសកម្ម​ពី​សហគមន៍​មូលដ្ឋាន​ដែល​កំពុង​រស់នៅក្នុង​តំបន់​ទីជម្រក​ធម្មជាតិ ដើម្បី​អនុវត្ត​កម្មវិធី​ការពារ​សំបុក​សត្វ​ដោយ​សហគមន៍ ខណៈដែល​ផ្តល់​ជម្រើស​ជីវភាព​បន្ថែម​ដល់​សហគមន៍​ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ​ផងដែរ​។ កាលពី​ឆ្នាំមុន​សំបុក​សត្វ​រំពេរ​ទន្លេ​ចំនួន ៤៧ សំបុក ត្រូវបាន​ការពារ​ដោយ​សហគមន៍​មូលដ្ឋាន​នៅ​តំបន់​ទន្លេមេគង្គ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×