ភ្នំពេញ ៖ ក្រោយពីបានឃើញមានមតិរិះគន់ស្អេកស្កះ និងក៏ដូចយល់ឃើញថា វាជារឿងពិតនៅក្នុងសង្គមតុលាការបច្ចុប្បន្ន នារីជាអ្នករៀនច្បាប់ និងក៏កំពុងធ្វើការខាងផ្នែកច្បាប់ បានចេញមុខរិះគន់ចំៗ ចំពោះការអនុវត្តច្បាប់ទៅលើករណីក្រុមអាជី និងអាម៉ី ថាពិតជាមានភាពលម្អៀងខ្លាំង និងមិនអាចទទួលយកបានឡើយ បើប្រៀបធៀបទៅនឹងការអនុវត្តច្បាប់ទៅលើបុគ្គលចំប៉ីខ្មៅ ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ាដាម វរនាថ ក្នុងនាមជាអ្នកកាន់ច្បាប់ដ៏ថ្លៃថ្នូរម្នាក់ បានសរសេររៀបរាប់បើកបង្ហាញពិតតថភាពជាក់ស្តែងនៅក្នុងសង្គមបច្ចុបន្នឲ្យដឹងថា៖ «ខ្ញុំជាអតីតតនិស្សិតច្បាប់ ខ្ញុំស្រឡាញ់មុខវិជ្ជានេះខ្លាំងណាស់ ពេលកំពុងរៀន ខ្ញុំយល់ថា ខ្លឹមសារ និងទ្រឹស្តីនៃច្បាប់គឺយុត្តិធម៌ ម៉ឺងម៉ាត់ដែលមនុស្សរាល់គ្នាត្រូវគោរព និងខ្លាចរអា ក្នុងការប្រព្រឹត្តបទល្មើសនានា។ បទល្មើសនីមួយៗត្រូវជាប់ពន្ធនាគារតិច ឬមួយជីវិតក៏មាន (លើកលែងតែបទល្មើរដ្ឋប្បវេណី) ហើយត្រូវពិន័យជាប្រាក់ទៀត។
ឆ្នាំទី០២ ចូលបម្រើការងារជាជំនួយការមេធាវី ខ្ញុំក៏ចាប់ផ្តើមដឹងតិចៗថា អូ ការពិត ទ្រីស្តី និងថតភាពពិត គឺដូចគ្នាទេ តែក៏នៅគិតថាវាមិនទាំងស្រុងទេ។ ការរស់នៅក្នុងសង្គមយូរៗ ប្រឡូកក្នុងការងារយូរៗ ជួបរឿងជាក់ស្តែងយូរៗ វាក៏បានឆ្លុះបញ្ចាំងថា ទ្រីស្តី និងទោសទណ្ឌដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ គឺវាមានលក្ខណៈផ្ទុយស្រឡះគ្នាច្រើន (ទោសទណ្ឌខ្លះវាបែបចែករវាងអ្នកមាន និងអ្នកក្រ រវាងអ្នកធំ និងអ្នកតូច) ដោយធាតុពិតនៅក្នុងក្រមមិនបានបែងចែងទេ។
តួយ៉ាងក្នុងករណីនេះ តើស័ក្តិសមទេ ដែលក្រុមនេះសម្តែងរឿងក្រោមរូបភាព អាសអាភាស ជាន់ឈ្លីប្រពៃណីខ្មែរ បំពានរឿងដើម ប្រមាថតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ ពិសេសគឺល្មើសក្នុងបទល្មើសព្រហ្មទណ្ឌទៅទៀត តែលទ្ធផលគឺ ធ្វើកិច្ចសន្យាហើយក៏អោយរួចខ្លួន។
ខ្ញុំមិនភ្លេចទេ ករណីចំប៉ីខ្មៅ ប្រមាថពូជខ្មែរ ហើយលទ្ធផលចំប៉ី គឺត្រូវជាប់គុក។ តើនេះមកពីចំប៉ីខ្មៅក្រ ហើយគ្មានខ្សែមែនទេ? ណ្ហើយ នេះគ្រាន់តែជាការឆ្ងល់ និងជាទស្សនៈប៉ុណ្ណោះ ហើយរឿងខ្លះក៏សុំមិននិយាយច្រើនដែរ។ បើមិនសមរម្យត្រង់ចំណុចណា ក៏សូមអធ្យាស្រ័យដល់នាងខ្ញុំផង ព្រោះនេះគ្រាន់តែជាការបង្ហាញអារម្មណ៍ និងមតិតិចតួចដោយមិនមានចេតនាវាយប្រហារលើស្ថាប័ននាមួយឡើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង