ខេត្តមណ្ឌលគិរី៖ មន្ត្រីរដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ផ្សារសែនមនោរម្យ មានទីតាំងស្ថិតក្នុងក្រុងសែនមនោរម្យ ដែលត្រូវបានអគ្គីភ័យឆាបឆេះ កាលពីពេលថ្មីនេះ នឹងអាចស្ថាបនាឡើងវិញក្នុងពេលឆាប់ៗខាងមុខ។ ការអះអាងនេះ កើតមានបន្ទាប់ពីអាជ្ញាធរខេត្តមណ្ឌលគិរី បានជួបពិភាក្សាគ្នាល្អិនល្អន់ជាមួយក្រុមអាជីវករ ត្រូវភ្លើងឆេះតូប និងផ្ទះ ដោយលទ្ធផល ខាងភាគីអាជីវករស្ម័គ្រចិត្តសាងសង់តូប និងផ្ទះជាថ្មីឡើងវិញដោយខ្លួនឯង ចំណែកអាជ្ញាធរមាន ភារកិច្ចរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ប្រព័ន្ធលូ និងចរន្តអគ្គីសនីជូនអាជីវករ ។
ក្រុមអាជីវករក្នុងផ្សារសែនមនោរម្យ បានអះអាងថា ពួកគាត់ឯកភាពគ្នា ចំពោះការសាងសង់តូប និងផ្ទះជាថ្មីឡើងវិញដោយខ្លួនឯង និងពុំចាំបាច់ឲ្យអាជ្ញាធរលំបាកនោះទេ ហើយអ្វីដែលអាជីវករពួកគាត់ចង់បាន គឺសំណូមពរ ឲ្យអាជ្ញាធរចុះវាស់បែងចែកចំណែកដីធ្លី និងចេញប័ណ្ឌកម្មសិទ្ធ(ប្លង់រឹង) ជូនពួកគាត់កាន់កាប់ស្របច្បាប់ឲ្យបានឆាប់។
ក្រុមអាជីរករបានសំណូមពរ ឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ត្រូវពន្លឿនផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ដើម្បីអាចឈានដល់ពួកគាត់សហការគ្នាសាងសង់លំនៅដ្ឋាន និងតូបលក់ដូរនៅផ្សារសែនមនោរម្យជាថ្មីឡើងវិញ សម្រាប់បន្តរបររកប្រាក់ចំណូលចិញ្ចឹមគ្រួសារនាថ្ងៃអនាគទ។
ក្រុមអាជីវករបន្តថា ពួកគាត់បានឯកភាពជាមួយអាជ្ញាធរថា នឹងបរិច្ចាកដី របស់ពួកគាត់ម្នាក់បន្តិចបន្តួច ដើម្បីផ្តល់ជូនអាជ្ញាធរស្ថាបនាពង្រីកផ្លូវចេញចូលទៅក្នុងផ្សារ ដែលត្រូវសង់ថ្មី ឲ្យបានធំទូលាយ ទុកសម្រាប់បង្ការដល់រថយន្តពន្លត់អគ្គីភ័យអាចចេញចូល នៅពេលមានភ្លើងឆេះផ្សារជាយថាហេតុណាមួយនៅថ្ងៃខាងមុខ។
អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានឲ្យដឹងថា ចំពោះដំណោះស្រាយជុំវិញការរៀបចំផ្សារសែន មនោរម្យជាថ្មីឡើងវិញនេះ គឺអាជ្ញាធរបានចុះវាស់បែងចែកដីជូនអាជីវករបានប្រមាណ ៩០%រួចហើយៗការងារនេះ គឺអាជ្ញាធរបានអនុវត្តទៅតាមសំណូមពរ របស់អាជីវករ ប៉ុន្តែក្រោយបញ្ចប់ការងារនេះ មន្ត្រីរដ្ឋបាលខេត្ត នឹងបញ្ជូនសំណើរ របស់ក្រុមអាជីវករ ដែលត្រូវភ្លើងឆេះនៅផ្សារសែនមនោរម្យស្នើសុំសាងសង់ផ្សារឡើងវិញនេះ ដាក់ទៅឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចជាមុនសិន។ ប៉ុន្តែប្រសិនបើថ្នាក់ដឹកនាំឯកភាព រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំប្លង់ស្ថាបត្យកម្ម តម្រូវឲ្យអាជីវករ សាងសង់តូប និងផ្ទះទៅតាមផែនការ របស់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្សារថ្មីឲ្យល្អប្រសើរជាងពេលមុនត្រូវភ្លើងឆេះផ្សារនេះ។
សូមរម្លឹកថា ផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីម៉ោង ២រំអាធ្រាត ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ បានបណ្ដាលឲ្យមានមានមនុស្សស្លាប់ចំនួន ២នាក់ និងរបួសចំនួន ៣នាក់។ អគ្គីភ័យនេះ បានបំផ្លាញតូបលក់ដូរ និងផ្ទះអាជីវករអស់ប្រមាណ ៧០% ឬស្មើ ១៥៨តូប និងខ្នងផ្ទះ ព្រមទាំងបង្កផលប៉ះពាល់ដល់អាជីវករចំនួន ២១១គ្រួសារ។
មន្ត្រីខេត្តមណ្ឌលគិរី ឲ្យដឹងថា មូលហេតុនាំឲ្យផ្សារសែនមនោរម្យ ត្រូវភ្លើងឆេះ គឺបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី៕ ដោយ ៖ សមុទ្រឈើ