ប៉ូលីសបានរកឃើញផែនការសម្ងាត់របស់យុវជនអាយុ ២២ ឆ្នាំ ម្នាក់ ក្នុងគ្រោងការសម្លាប់គ្រូសារទាំងមូល ដើម្បីបំពេញមច្ឆិតាទទួលបានកេរ្តិ៍មរតកទាំងអស់ បន្ទាប់ពីរូបគេបានផ្ទុះកំហឹងនឹងឪពុកម្តាយពុំផ្តល់លុយឲ្យ ។
ហេតុនេះ ប៉ូលីសបានប្រើល្បិច ដោយចាត់មន្ត្រីសម្ងាត់ទាក់ទងជាមួយយុវជនរូបនេះ ក្នុងការសម្លាប់ឪពុកម្តាយ និងប្អូនស្រីអាយុ ១០ ឆ្នាំ របស់គេ ដែលរស់នៅ Sochi ប្រទេសរុស្ស៊ី ។
ជាការពិតណាស់ យុវជននេះបានប្រាប់ពីវិធី និងទីកន្លែងដែលគ្រួសាររបស់គេ គួរត្រូវបានសម្លាប់ស្ថិតនៅជាន់ក្រោមផ្ទាល់ដី និងបង្ហាញពីទីកន្លែងដែលកាមេរ៉ាឃ្លាំមើលត្រូវបានបំពាក់ និងវិធីគេចផុតពីចង្កូមឆ្កែចិញ្ចឹមផងដែរ ។
ប៉ុន្តែ យុវជនរូបនេះ ពុំបានដឹងថា «ឃាតករ» ដែលបានយល់ព្រមទទួលយកតម្លៃស៊ីឈ្នួលសម្លាប់នោះ គឺជាមន្ត្រីសម្ងាត់ទេ ។
គួរបញ្ជាក់ថា យុទ្ធសាស្ត្រដ៏អស្ចារ្យរបស់ប៉ូលីស ដើម្បីចាប់ខ្លួនកូនប្រុសទុរយសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីឪពុកម្តាយរបស់យុវជននេះ បានចូលសហការជាមួយប៉ូលីស ដោយរៀបរាប់ថា កូនប្រុសរបស់ពួកគេមានគ្រោងការ «បំផ្លិចបំផ្លាញ» បន្ទាប់ពីបានព្យាបាលសម្លាប់ពួកគេពុំបានសម្រេចច្រើនលើក តាមរយៈការបំពុល ។
ពួកឪពុករបស់យុវជននេះ បានយល់ព្រមធ្វើបង្កើតឈុតឃាតកម្មរបស់ពួកខ្លួន ដោយធ្វើជាត្រូវបានឃាតករចាក់សម្លាប់ក្នុងថ្លុកឈាម ។
«ឃាតករសម្ងាត់» បន្ទាប់មក បានធ្វើការណាត់ជួប និងបង្ហាញរូបភាពនៃក្លែងក្លាយ «អំពើឃាតកម្មឪពុកម្តាយ» ដល់យុវជននេះ ។ ប៉ុន្តែ ពុំឃើញរូបថតប្អូនស្រីរបស់យុវជននេះទេ ហើយគេមិនច្បាស់ថា តើនាងបានចូលរួមសហការជាមួយប៉ូលីស? ។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញរូបភាព «ក្លែងក្លាយ» ដ៏រន្ធត់នេះរួច យុវជនរូបនេះបានបង្ហាញទឹកមុខរីករាយ និងយល់ព្រមប្រគល់ថ្លៃឈ្នួលតាមសន្យាចំនួន 38,000 ផោន (ស្មើនឹង ៥៣០៧៩ ដុល្លារ) ទៅដល់បុរសម្នាក់ ដែលរូបគេជឿថា គឺជាឃាតករបានទាក់ទង ។
ប៉ុន្តែ ផ្ទុយទៅវិញ កូនប្រុសអប្រិយរូបនេះ ដែលត្រូវបានបញ្ចេញឈ្មោះ ត្រូវបានមន្ត្រីសម្ងាត់ធ្វើការចាប់ខ្លួនភ្លាមៗ ។
នៅចំពោះមុខប៉ូលីស យុវជនរូបនេះបានឆ្លើយសារភាពថា រូបគេបានមានផែនការសម្ងាត់២ដងមកហើយ ដើម្បីសម្លាប់គ្រួសារទាំងមូល ដែលក្នុងនោះដាក់ថ្នាំពុលក្នុងកំសៀវតែ ។
ប្រភពប៉ូលីសនិយាយថា៖ «យុវជននេះមានបំណងចង់កម្ចាត់ឪពុកម្តាយចោល ព្រោះតែខឹងឪពុកម្តាយពុំផ្តល់លុយឲ្យរូបគេ» ។
ទោះយ៉ាងណា យុវជនរូបនេះនឹងប្រឈមមុខជាប់ពន្ធនាគារ ១៥ ឆ្នាំ ប្រសិនត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការសម្លាប់គ្រួសារទាំងមូលរបស់គេ ៕ ចន្ទី